(សៀមរាប)៖ លោក សេង ប៊ុនតេង ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថពាក់សក្ដិ៤ មានតួនាទីជាជំនួយការ លោក ហង់ ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានព្រះរាជអាជ្ញាខេត្តសៀមរាប សំរេចធ្វើការចោទប្រកាន់ ហើយចៅក្រមសើុបសួរសំរេចធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទល្មើសរារាំង ការអនុវត្តភារកិច្ចរបស់មន្ត្រីរដ្ឋបាលព្រៃឈើ និងបទល្មើសសមគំនិតក្នុងអំពើបំផ្លិចបំផ្លាញព្រៃឈើ។
លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដែលកាន់សំណុំរឿងបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា ករណីមន្ត្រីអាវុធហត្ថ ធ្វើការរារាំងសមត្ថកិច្ចមេព្រៃពេលបំពេញភារកិច្ចបង្ក្រាបបទល្មើសដឹក ជញ្ជូនឈើល្មើសច្បាប់កាលពីព្រឹកថ្ងៃទី០៩ ខែសីហា នោះគឺលោកសំរេចធ្វើការចោទប្រកាន់ ហើយចៅក្រមសើុបសួរគឺ លោក សំ ប៊ុនពៅ បានសំរេចធ្វើការឃុំខ្លួនជាបណ្ដោះអាសន្នហើយកាលពីល្ងាចថ្ងៃទី០៩ ខែសីហា ម្សិលមិញនេះ។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីបានធ្វើការឃាត់ ខ្លួនមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ម្នាក់ឈ្មោះ សេង ប៊ុនតេង ពាក់សក្ដិ៤ មានតួនាទីជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។
មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថាការឃាត់ខ្លួននេះ ដោយជនសង្ស័យបានបើករថយន្តរបស់ខ្លួនកាងរថយន្តដឹកឈើគ្រញូង រាំងផ្លូវ សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
ហេតុការណ៏ ដេញប្រផាប់ចាប់ប្រភីងនេះ ធ្វើឡើងចាប់តាំងពីម៉ោង៤ទាបភ្លឺរហូតដល់ម៉ោងជាង៥ព្រឹកថ្ងៃទី៩ ខែសីហា នៅចំណុច ផ្លូវជាតិលេខ៦ ក្នុងស្រុក ប្រាសាទបាគង នៃខេត្តសៀមរាប។
លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានប្រាប់អ្នកកាសែតឲ្យដឹងថា មូលហេតុដែលឈានទៅដល់ការ ចាប់ឃាត់ខ្លួន មន្ត្រីអ.ហពាក់សក្តិ៤រូបនេះ ដំបូងសមត្ថកិច្ចបានស្ទាក់ចាប់រថយន្តដឹកបទល្មើសព្រៃឈើ១ គ្រឿង(ដឹកឈើគ្រញូង) ខណៈនោះលោកស័ក្តិ៤អ.ហរូបនេះ បានបើករថយន្តធុន Lexus 470 ពាក់ស្លាកលេខ ភ្នំពេញ2L-9861 ពណ៌ខ្មៅ របស់ខ្លួនមកពាំងពីមុខរថយន្តសមត្ថកិច្ច។ រថយន្តមន្ត្រីអ.ហ១គ្រឿងនេះ បើករេពេញផ្លូវពាំងឆ្វេងស្តាំ ធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន៣គ្រឿង មិនអាចឡើងស្ទាក់ចាប់ រថយន្តដឹកបទល្មើសបាន។ ក្នុងគ្រាដែលសមត្ថកិច្ចនៅតែបន្តដេញចាប់ រថយន្តដឹកបទល្មើសមន្ត្រីអ.ហរូបនេះ បានហៅរថយន្តបក្ខពួករបស់គេ ១គ្រឿងទៀត ម៉ាកកាមរីឆ្លាម មកជួយរាំងផ្លូវរហូតរថយន្តដឹកបទល្មើសបើករត់គេចបាត់។ លោកបន្តថាក្នុងស្ថានការនោះតំណាងអយ្យការ អមសាលាដំបូង ខេត្តសៀមរាបបានបញ្ជាឲ្យចាប់រថយន្ត ដែលរារាំងដំណើរការបង្ក្រាបបទ ល្មើសរបស់សមត្ថកិច្ច ហើយក្រុមសមត្ថកិច្ច ក៏បានដេញស្ទាក់
ចាប់រថយន្ត Lexus របស់មន្ត្រីអ.ហរូបនេះ ឆ្វែលពេញ ក្រុងសៀមរាប រហូតដល់ចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទ បាគងទើបចាប់បាន។ លោកនាយផ្នែកឲ្យដឹងទៀតថា ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រីអ.ហខាងលើនេះ គឺបានដកហូតរថយន្ត Lexus 470 មួយគ្រឿង អាយកូម១គ្រឿង ស្រោមកាំភ្លើងខ្លីចំនួន២ ខ្នោះដៃចំនួន២ សាងគ្រាប់កាំភ្លើងចំនួន៣ គ្រាប់កាំភ្លើងខ្លី ម៉ាកឡុក១៤គ្រប់ និងកង់ សាគួរថយន្តចំនួន២។ ជនជាប់សង្ស័យក្រោយពេលសាកសួរ និងធ្វើកំណត់ហេតុហើយបានបញ្ជូនទៅតុលាការ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៩ ខែសីហា រួមជាមួយវត្ថុតាង ដែលដកហូតបានផងដែរ ដើម្បីចាត់ការបន្ត។
ក្រោយពេលចាប់ខ្លួនលោកស័ក្តិ៤ សេង ប៊ុនតេង ក៏ធ្លាយព័ត៏មានថាមន្ត្រីអ.ហរូបនេះ ក្រៅពីមានអំណាចចាប់បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗ ដើម្បីទារប្រាក់នៅក្នុងទឹកដីខេត្តកំពង់ធំ រូបគេក៏ជាមេខ្លោងដ៏ធំម្នាក់ ដែលតែងតែយកតួនាទី ទៅកាងរថយន្ត ដឹកបទល្មើសឈើក្រញូង និងឈើល្មើសច្បាប់ផ្សេងៗទៀតរួមទាំងរកសុីខ្លួនឯងផងដែរពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាបផងដែរ ដោយនាំយកទៅលក់នៅប្រទេសវៀតណាមតាមមាត់ច្រកខេត្តត្បូងឃុំ។ ការនាំក្បួនរថយន្តដឹកបទល្មើស ព្រៃឈើ របស់ឈ្មោះ សេង ប៊ុនតេង ក្នុងអំឡុងប៉ុន្មានឆ្នាំមកនេះក៏ធ្លាប់បង្កគ្រោះថ្នាក់រហូតបាត់បង់ ជីវិតមនុស្សផងដែរ។ មិនតែប៉ុណ្ណោះក្បួនរថយន្តដឹកឈើគ្រញូងរបស់គេ ក៏ធ្លាប់ជួប ប្រទូស្តរ៉ាយជាមួយសមត្ថកិច្ចតាមដងផ្លូវជាញឹកញាប់ ប៉ុន្តែរាល់ពេលកើតហេតុ ម្តង ណាក៏រូបគេជួបសំណាងល្អ រហូតដោយសាតែសមត្ថកិច្ចតាមដងផ្លូវទាំងនោះខ្លាចអំណាចអ្នកនៅក្រោយខ្នងរបស់គេ ហើយបើនៅខេត្តកំពង់ធំវិញគ្មានមន្ត្រីណាហ៊ានប៉ះជាមួយគេឡើយ ពេលខ្លះចាប់ឈើគ្រញូងល្អបាន យកឈើកំទេចទៅដូរហើយយកឈើល្អទៅលក់យកលុយរកសុីឈើគ្រញូងតាំងពីអត់ស័ក្ដិពាក់ រហូតដល់ពាក់ស័ក្ដិ៤ និងត្រូវបានតែងតាំងជាជំនួយការមេអ.ហខេត្តកំពង់ធំ ទៀតផង។ ឥឡូវចាំមើលលើកនេះ មានវាសនាដូចលើកមុនៗទៀតឬអត់?៕
(ប៉េអឹមសក្ដ័៤ សេង ប៊ុនតេង ជំនួយការមេប៉អឹមខេត្តកំពង់ធំ)