(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ មានអត្រាខ្ពស់គួរឲ្យបារម្ភ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្ដកើតមានជារៀងរាល់ថ្ងៃ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន​ Fresh News ឧត្ដមសេនីយ៍ត្រី ថី វិសាល បានឲ្យដឹងផងដែរថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងចាប់ផ្ដើមចុះអប់រំ និងរឹតបន្តឹងច្បាប់ចរាចរណ៍ ឲ្យកាន់តែខ្លាំងក្លា នៅទូទាំងប្រទេស ដោយចាប់ផ្ដើម ពីសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ។

បើតាមការបញ្ជាក់ របស់ឧត្ដមសេនីយ៍ត្រី ថី វិសាល, ការចុះអប់រំ និងរឹតបន្តឹងច្បាប់ចរាចរណ៍នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើការភ្ញាក់រលឹកដល់អ្នក ដែលមិនបានចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនចង់ឲ្យប្រជាពលរដ្ឋណាម្នាក់ អស់ប្រាក់ដោយសារការផាកពិន័យនោះឡើយ។

ឧត្ដមសេនីយ៍ត្រី ថី វិសាល បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានការព្រួយបារម្ភ និងកង្វល់អំពីស្ថានភាពធ្ងន់ធ្ងរ នៃគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្ដកើតមានជារៀងរាល់ថ្ងៃ នៅតាមដងផ្លូវ នៅទូទាំងប្រទេស អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស គឺត្រូវបន្ដចុះអប់រំណែនាំ​ប្រជាពលរដ្ឋ អំពីច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងផលវិបាកទាំងឡាយ ដែលកើតចេញ ពីគ្រោះថា្នក់ចរាចរណ៍ផ្លូវគោក»

ទន្ទឹមគ្នានេះ មន្ដ្រីជាន់ខ្ពស់ចរាចរណ៍រូបនេះ បានឲ្យដឹងថា ការរឹតបន្ដឹង អំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងខ្លាជាងមុន បែបនេះ គឺធ្វើឡើងចំពោះអ្នកដែលមិនទាន់មានស្មារតី ភ្ញាក់រលឹក ចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ ពោលចំពោះអ្នកដែល មិនគោរពតាមការណែនាំ និងការអប់រំរបស់សមត្ថកិច្ច ដោយធ្វើការផាកពិន័យទៅតាមច្បាប់។

ឧត្ដមសេនីយ៍ត្រី ថី វិសាល បន្ដថា គោលបំណងចម្បង នៃការចុះរឹតបន្ដឹង ការអប់រំប្រជាពលរដ្ឋនេះ ជាពិសេសការរឹតបន្ដឹងនេះ តាមការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត គឺចង់ឲ្យប្រជាពលរដ្ឋ មានការភ្ញាក់រលឹក ចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយមិនចង់ឲ្យប្រជាពលរដ្ឋណាម្នាក់​អស់ប្រាក់ ក្នុងការផាកពិន័យនោះឡើយ គឺចង់ឲ្យចូលរួមគោរពច្បាប់ទាំងអស់គ្នា ហើយមន្ដ្រីចរាចរណ៍ ក៏មិនចង់ឃើញ មានការបាត់បង់ធនធានមនុស្សល្អៗ ដោយសារតែគ្រោះថា្នក់ចរាចរណ៍នេះផងដែរ។

ឧត្ដមសេនីយ៍ត្រី ថី វិសាល បានបញ្ជាក់ថា តាមការណែនាំនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នឹងចាប់ផ្ដើមចុះអប់រំប្រជាពលរដ្ឋ ក៏ដូចជារឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងខ្លា ជាងមុនបន្ថែមទៀត ដោយចាប់ផ្ដើមពីសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ហើយលោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ នឹងប្រើប្រាស់វិធានការណ៍ចំនួន២ ក្នុងការចុះអប់រំ និងរឹតបន្តឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេស ដោយទី១៖ ធ្វើការអប់រំ និងទី២៖ ធ្វើការផាកពិន័យ ទៅលើអ្នកដែលមិនគោរពច្បាប់។ វិធានការណ៍ទាំង២នេះ គឺសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្ដទូទាំងប្រទេស នៅគ្រប់រាជធានី-ខេត្ដ៕