​(ភ្នំពេញ)៖ អបអរសាទរទិវា «សន្តិភាពអន្តរជាតិ» នាថ្ងៃ ២១ កញ្ញា ២០២៣, លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានលើកលើងថា សន្តិភាពជាសសរស្តម្ភនៃការអភិវឌ្ឍ និងជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានេះដែរ លោក សួន សេរីរដ្ឋា បានបន្ថែមថា មានសន្តិភាព ទើបមានការភិវឌ្ឍប្រកបដោយចីរភាព មានសន្តិភាព ទើបមានលទ្ធិប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិសេស សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោកប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា លើកគុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់វីរភាពនានា ក្នុងការរួមចំណែកធ្វើឱ្យ សម្រេចបាននូវសន្តិភាព។

នៅក្នុងឆ្នាំ២០២៣នេះ ការប្រារព្ធទិវាសន្តិភាព បានធ្វើឡើងក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នាសម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លៃជាចម្បងដល់សកម្មភាពដើម្បីសន្តិភាព និងអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ឃ្លាន ការប្រែប្រួលអាកាសធាតុ និងធានាបាននូវភាពរុងរឿងសម្រាប់ទាំងអស់គ្នា៕