(ភ្នំពេញ)៖ ខ្សែភាពយន្តរឿងភាគរបស់ខ្មែរចំនួន៥រឿង នឹងបង្ហាញវត្តមានឆាប់ៗ នៅលើស្ថានីយទូរទស្សន៍ PNN បន្ទាប់ពីមានការហការគ្នាផលិត រវាងភាគីទូរទស្សន៍PNN ជាមួយបណ្តាម្ចាស់ផលិតកម្ម ដែលសុទ្ធសឹងតែស្ថិតក្រោមការផលិត និងដឹកនាំដោយផលិតកម្មល្បីៗក្នុងស្រុក ដែលមហាជនទទួលស្គាល់ ពីស្នាដៃការផលិតរឿង កន្លងមក។
ថ្លែងក្នុងសន្និសីទសាព័ត៌មាន នាព្រឹកថ្ងៃទី១០ខែសីហា ឆ្នាំ២០១៦ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាយកគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN លោក Glen Felgate បានមានប្រសាសន៍ថា ផលិតកម្មដែលសហការផលិតភាពយន្តភាគខ្មែរ ដើម្បីចាក់បញ្ចាំងនៅលើស្ថានីទូរទស្សន៍ PNN នោះរួមមាន ផលិតកម្មខ្មែរមេគង្គ,ផលិតកម្មអិលឌីភិចឆ័រ,ផលិតកម្មអែតម្ញូហ្សិក, ផលិតកម្មអេហ្វស៊ីអា និងផលិតកម្មមហាហង្ស។
លោក Glen Felgate បានលើកឡើងទៀតថា យើងបានចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន ក្នុងការជ្រើសរើសភាពយន្តខ្មែរ ដែលល្អបំផុត សម្រាប់អ្នកទស្សនា ហើយក៏មានទំនុកចិត្តថា ទស្សនិកជន PNN នឹងពេញចិត្តសាច់រឿងទាំងនោះ គុណភាពនៃការផលិត និងការសម្តែងរបស់តួអង្គនីមួយៗ នៅក្នុងសាច់រឿង។ តាមរយៈខ្សែភាពយន្តភាគខ្មែរនេះ PNN រំពឹងដែរថា នឹងទទួលបានការគាំទ្រ ពីទស្សនិកជនកាន់តែច្រើនបន្ថែមទៀត ខណៈវត្តមាននៃសិល្បករ-សិល្បការិនីល្បីៗ ចំនួន១៦រូប ក៏ជាតួសម្តែងនៅក្នុងរឿងភាគចំនួន៥របស់PNN ដែលនឹងចាប់ផ្តើមចាក់បញ្ចាំងជាលើកដំបូង នៅលើកញ្ចក់ទូរទស្សន៍ PNN នៅដើមខែកញ្ញាខាងមុខនេះ។
នាយកគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN លោក Glen Felgate បានបន្តថា ពួកយើងបានចំណាយទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ ទៅលើដំណើរការផលិតខ្សែភាពយន្តទាំងនោះ។ ក្រោយពីបានខិតខំប្រឹងប្រែង សម្រិតសម្រាំងយកខ្សែភាពយន្តខ្មែរ ដែលល្អ និងគួរឲ្យទាក់ទាញជូនដល់ទូរទស្សនិជន ភីអិនអិន ហើយពួកយើងក៏បានត្រៀមរួចរាល់ជាស្រេច ក្នុងការសម្ពោធ និងផ្សព្វផ្សាយពីខ្សែភាពយន្តខ្មែរល្អទាំងអស់នេះ ជូនដល់សាធារណៈជន។
ទន្ទឹមគ្នានេះ លោក Glen Felgate បានបន្ថែមថា ភីអិនអិន បានចាត់ទុករឿងភាគខ្មែរ គឺសំខាន់ខ្លាំងណាស់។ ផលិតកម្ម ដែលត្រូវបានជ្រើសរើសហការជាដៃគូ គឺសុទ្ធសឹងតែល្បីឈ្មោះ ក្នុងការផលិតភាពយន្ត។ រីឯតារាសិល្បៈដែលចូលរួមសម្តែង ក្នុងភាពយន្តភាគត្រូវចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ PNN គឺសុទ្ធសឹងជាកំពូលតារាល្បីលល្បាញ ប្រចាំប្រទេស ហើយក៏នឹងធ្វើឲ្យតារាផ្សេងទៀត នៅក្នុងភាពយន្តរបស់យើង ល្បីឈ្មោះផងដែរ។
សូមជម្រាបថា ពិធីសន្និសីទសាព័ត៌មាន ស្តីពីការបើសម្ពោធខ្សែភាពយន្តខ្មែរ របស់ស្ថានីយទូរទស្សន៍ PNN ព្រឹកមិញនេះ ក៏មានវត្តមានតារាសម្តែងល្បីឈ្មោះប្រុស-ស្រីចូលរួមផងដែររួមមាន កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ,លោក អេតវីន,លោក លឹម ជាឡាយ ,កញ្ញា គៀត សុវណ្ណាឡាង ,កញ្ញា សាឡាត់ ស្រីឡាង ,លោក ហេង នរៈកក្កដា ,លោក សន កាយ៉ាឌី ,កញ្ញា ឡាយ សម្ផស្ស ,កញ្ញា ចេស៊ីកា ,លោក អ៊ុន សុទ្ធា ,កញ្ញា មឿន ផាណែត,លោក ឈិន សកក្កដា ,កញ្ញា ប៊ីរីយ៉ា,អ្នកនាង ស្វែង សុជាតា ,លោក អ៊ូន ឧស្សាហ៍ និងតារាទឹកភ្នែក នី មុនីនាថ។
យ៉ាងណាមិញស្ថានីយទូរទស្សន៍ PNN ក៏បានប្តេជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគ ក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ៨០០០ដុល្លារ ក្នុងរយៈពេល១ម៉ោង នៃខ្សែភាពយន្តភាគ ហើយភាពយន្តភាគទាំងនោះ ដែលនឹងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន គឺជាផ្នែកមួយក្នុងការបង្ហាញ ពីវប្បធម៌ប្រពៃណី ក៏ដូចជាជីវិតក្នុងសម័យបច្ចុប្បន្ន៕