(ស្វាយរៀង)៖ ភ្លៀងរលឹមស្រិចៗ បង្កឱ្យមានរន្ទះបាញ់ចំយុវជនម្នាក់ បណ្ដាលឱ្យស្លាប់នៅត្រង់ចំណុចទួលផ្ចាក់ ភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ កាលពីវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

នគរបាលស្រុកចន្ទ្រា បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ វ៉ុន វ៉ាងឡុង អាយុ២៣ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ ទួលស្តី ឃុំទួលស្តី ស្រុកសន្ទ្រា ខេត្តស្វាយរៀង។ នៅមុនពេលកើតហេតុមានភ្លៀងផ្គររន្ទះ ក្រោយមកស្រាប់តែមានផ្លេកបន្ទោល និងរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងបណ្ដាលឱ្យបុរសជាកសិករស្លាប់នៅលើទួលផ្ចាក់តែម្ដង។

ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរស្រុកចន្ទ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះ ត្រូវទៅរកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារកុំឱ្យគ្រោះថ្នាក់ជាយថាហេតុ។

ចំពោះសាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕