(កណ្ដាល)៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាចំនួន២រូប បានចុះដល់ខេត្តកណ្ដាល ដើម្បីផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ហើយនឹងការងារបញ្ជ្រាបយេនឌ័រ ការផ្សព្វផ្សាយស្ដីពីការលំបាត់រំលោភបំពានតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ។

កម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាសិក្ខាសាលាផ្សព្វផ្សាយនិងតាមដានការអនុវត្តអនុសញ្ញាស៊ី.ដ និងអនុសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល ។

លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការ និងប្រធានក្រុមការងារទទួលបន្ទុកការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា គោលបំណងអង្គសិក្ខាសាលាពេលនេះគឺដើម្បីផ្សព្វផ្សាយអនុសាសន៍ ១២ ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ហើយនឹងការងារបញ្ជ្រាបយេនឌ័រ ការផ្សព្វផ្សាយស្ដីពីការលំបាត់រំលោភបំពានតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។

លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្លែងថា ដើម្បីអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំ ផែនការយុទ្ធសាស្ត្រ ដើម្បីតម្រង់ទិសដល់ការអនុវត្ត និងកិច្ចសហការ ចំពោះអង្គភាពពាក់ព័ន្ធដើម្បីបន្តអភិវឌ្ឍ ធនធានមនុស្ស និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តគ្រប់កម្រិត ស្របតាមដំណើរវិវឌ្ឍន៍ថ្មីៗ នៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបណ្ដាញព័ត៌មានសង្គម តាមរយៈការដាក់ បញ្ចូលបញ្ហាយេនឌ័ររវាងស្ត្រីនិងបុរស នៅក្នុងកម្មវិធីសកម្មភាពនានាគ្រប់កម្រិតជំនាញក្នុងវិស័យ ក្នុងគោលបំណងធានាថា រាល់សកម្មភាព ដែលបានគ្រោងទុក ស្រ្តីនឹងទទួលបានដោយស្មើភាពនូវអត្ថប្រយោជន៍ស្មើគ្នា និង ចូលរួមទប់ស្កាត់រាល់សកម្មភាពសង្គមទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ វប្បធម៌ ប្រពៃណីជាតិ និង តម្លៃស្ត្រីខ្មែរ។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគឺជាយន្តការជាតិមួយ ដែលតាមដាននូវការអនុវត្តអនុសាសន៍ និងការងារបញ្ជ្រាបយេនឌ័រគ្រប់ក្រសួងមន្ទីរស្ថាប័នទាំងអស់ ហើយក្រុមការងារដែលចុះមកធ្វើការផ្សព្វផ្សាយនាពេលនេះគឺជាក្រុមការងារមួយនៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សំរាប់ធ្វើការងារតាមមន្ទីរមួយៗ ក្នុងការប្រមូលរបាយការណ៍ រាយការណ៍ទៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី៕