(ភ្នំពេញ)៖ បន្ទាប់ពីបានផ្អាកដំណើរការអនុវត្តគម្រោងមួយរយៈ ដោយសារការរីករាលដាល នៃជំងឺ COVID-19 រដ្ឋលេខាធិការដ្នានអាកាសចរស៉ីវិល ដោយមានការគាំទ្រពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានបន្តរៀបចំកិច្ចប្រជុំលើកទី៤ របស់ខ្លួន ក្នុងគម្រោង «គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាកាសចរស៉ីវិល CACI-MLC4»។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ អំពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងសេវានាំផ្លូវអាកាសក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង រួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ដោយលោក ម៉ឹង សត្យា ប្រធាននាយកដ្ឋានផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអ្នកគ្រប់គ្រងគម្រោង លោក ពៅ ប៉ូលីណែល រដ្ឋលេខាធិការ តំណាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងមានការចូលរួមពីបណ្តាគណៈប្រតិភូមកពីអាជ្ញាធរអាកាសចរណ៍ស៉ីវិលនៃប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមសរុបប្រមាណជិត ១០០នាក់។

ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ លោក ពៅ ប៉ូលីណែល បានសង្កត់ធ្ងន់អំពីភាពចាំបាច់ជាយុទ្ធសាស្រ្តនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលើគម្រោងកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៉ីវិល ក្នុងការដោះស្រាយបញ្ហាសកម្មភាពរួមជាអន្តរជាតិ (International Collective Action Problem) ដែលធ្វើឲ្យរាំងស្ទះដល់ការធានាបាននូវសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍដោយនិរន្តរភាព នៃការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់ ដែលត្រូវបានចាត់ទុកជាទំនិញសាធារណៈអន្តរជាតិ។

ទន្ទឹមនេះដែរ លោករដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងភាពវៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។ លោកបានគូសបញ្ជាក់បន្ថែមថា នៅក្នុងពិភពលោកដែលត្រូវបានធ្វើសមាហរណកម្ម និងមានលក្ខណៈប្រែប្រួលលឿន មិនទៀងទាត់ ស្មុគស្មាញ និងស្រពិចស្រពិល (Volatile, Uncertain, Complex, and Ambiguous-VUCA) គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាបានដោយខ្លួនឯងនោះទេ គឺចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការរួមគ្នា ហើយក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ជាឧទាហរណ៍មួយដ៏ល្អ។

គួររំលឹកផងដែរថា បន្ទាប់ពីដាក់ឲ្យដំណើរការ នៅឆ្នាំ២០២១ គម្រោងការ CACI ដែលអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ត្រូវបានគាំទ្រដោយមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងជាគម្រោងមួយក្នុងចំណោមគម្រោង ប្រហែល ៨០ ដែលបានផ្តួចផ្តើមដោយប្រទេសកម្ពុជា។ នៅឆ្នាំនេះ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៩ ដែលគ្របដណ្តប់លើវិស័យដូចជា ការដឹកជញ្ជូន ភស្តុភារ ប្រព័ន្ធព័ត៌មាន សន្តិសុខស្បៀង ការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិរក្សវប្បធម៌ ហើយកិច្ចព្រមព្រៀងគម្រោងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ រវាងលោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕