(ក្រចេះ)៖ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងការគោរព សិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដល់នគរបាលយុត្តិធម៌ នៅខេត្តក្រចេះ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម, លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត គណៈអភិបាលក្រុង ស្រុក អធិការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធិមនុស្សជាង ១៥០នាក់។

លោក រ៉ូប៊ីន ណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណងនៃការអប់រំផ្សព្វផ្សាយនេះ ដើម្បីផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការ ប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។ វគ្គនេះត្រូវបានរៀបចំប្រមូលផ្តុំមន្រ្តីទទួលខុសត្រូវ ពិសេសមន្រ្តីគ្រប់គ្រងកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពនៅតាមបណ្តាខេត្តនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងការប្រឆាំងទារុណកម្ម។

លោកបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយនេះក៏មានការបង្ហាញពីបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម ព្រមទាំងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។ ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនេះ ក៏មានលើកនូវសំណូមពរមួយចំនួនដល់ (គ.ជ.ប.ទ) ក្នុងការបង្កើតឱ្យមានគណៈកម្មាធិការនៅថ្នាក់ខេត្តផងដែរ។

លោក នុត សាអាន បានលើកឡើងថា ការបើកវគ្គអប់រំផ្សព្វផ្សាយនៅពេលនេះ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អលើការងារបង្ការ និងប្រឆាំងទារុណកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថ ភាពដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីអនុវត្តច្បាប់ និងតួរអង្គពាក់ព័ន្ធនានា អំពីវិធានជាតិ-អន្តរជាតិ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីធានាបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ទាំងស្រុងរាល់ទារុណកម្មគ្រប់ទម្រង់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរូបនេះ បានបញ្ជាក់ថា ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះ ដែលត្រូវបានដកហូតសេរីភាពនោះឡើយ ផ្ទុយទៅវិញការប្រព្រឹត្តបែបនេះ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោក នុត សាអាន បានបន្តថា វាជាអំពើអយុត្តិធម៌ ដែលអាចបង្កើតឱ្យមានគំនិតគុំគួនគ្នា មិនចេះចប់មិនចេះហើយ និងក៏បានបញ្ជាក់អំពីលទ្ធផលរំពឹងទុកគ្រប់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធនឹងទទួលបានការយល់ដឹងអំពី លិខិតបទដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធទៅលើជនដែលត្រូវបានដកហូតសេរីភាព ដើម្បីបង្ការទប់ស្កាត់ និងការប្រឆាំងទារុណកម្ម ព្រមទាំងយល់ដឹងអំពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)៕