(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះចែកអំណោយសប្បុរសធម៌ដល់ជនពិការភាពចំនួន៤២នាក់ មកពី៨ឃុំនៃស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំដែលតែងតែដាស់តឿន និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការផ្សេងៗងាយស្រួលក្នុងការស្វែងយន្ដការដោះស្រាយជាដើម។

លោកអភិបាលបានឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ជនពិការ ក៏ដូចជាអាណាព្យាបាលដែលកំពុងចិញ្ចឹមបីបាច់កូនចៅពិការភាពរស់នៅក្នុងបន្ទុក លោក លី គីមឆេង និងក្រុមគ្រួសារ បានចូលរួមជាមួយអាជ្ញាធរក្នុងការចែកជូនជារទេះរុញដល់ជនពិការក្រីក្រ ដើម្បីជួយសម្រាលការលំបាកខ្លះជូនក្រុមគ្រួសារ និងសាមីខ្លួន។ ការចែកជូននាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការនូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។

លោកអភិបាលក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារលោក លី គីមឆេង ដែលមានចិត្តសប្បុរសជួយដល់ជនពិការនាពេលនេះ ក៏ដូចជាកន្លងមកតែងតែចូលរួមជាមួយរដ្ឋបាលស្រុកនូវសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ក្រោយពីមានការចែកជូននូវអំណោយនេះ ជនពិការ និងក្រុមគ្រួសារមានភាពសប្បាយរីករាយក្រៃលែង ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការគ្រប់ប្រភេទដោយមិនទុកឲ្យពួកគាត់រស់នៅឯកាឡើយ។

សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនចំនួន៤២នាក់ មកពី៨ឃុំនៃស្រុកតាំងគោក ក្នុងម្នាក់ៗទទួលបាន៖ រទេះរុញ១
ខោអាវ១កំប្លេ ភួយ១ ក្រមា១ ត្រីខ១យួរ ទឹកត្រី១យួរ មី១ឡូ និងប៊ីចេង១កញ្ចប់ ថវិកា២៥,០០០រៀល៕