(ភ្នំពេញ)៖ កំលុងពេលកំពុងធ្វើដំណើរឆ្ពោះកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបភាពមួយសន្លឹក ជាមួយនឹងឯកសារលើតុមួយគំនរផងដែរ។
ជាមួយនឹងការបង្ហោះរូបភាពនេះ សម្តេចធិបតី បានសរសេរសំណេរថា «ចាប់ផ្តើមនៃការធ្វើដំណើរតាមយន្តហោះរយៈពេលជាង២០ម៉ោង ជាមួយនឹងឯកសារមួយគំនរ ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យកាន់តួនាទីជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានរយៈពេលប្រមាណជាមួយខែហើយ។ ក្នុងតំណែងកំពូល ជាអ្នកកាន់ចង្កូតនៃជោគវាសនាជាតិ និងប្រជាជនទូទាំងនគររយៈពេលប្រមាណមួយខែនេះ កាលវិភាគការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់គ្នាឱ្យរដឹក។ តាមរយៈកាលវិភាគការងារនេះ បានស្តែងឱ្យឃើញពីភាពមមាញឹកក្នុងកិច្ចការដឹកនាំ គ្រប់គ្រង និងចាត់ចែងលើកិច្ចការជាតិ។
តាមរយៈរូបភាពឱបជាមួយឯកសារមួយគំនរ ហើយឆ្លៀតបំពេញពេលកំពុងធ្វើដំណើរលើយន្តហោះ ជាទិដ្ឋភាពមួយទៀត ស្តែងឱ្យឃើញពីឆន្ទៈ និងស្មារតីដ៏មុតមាំរបស់សម្តេចធិបតីក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ សម្តេចធិបតី តែងតែមានប្រសាសន៍ថា សម្តេចមិនធ្វើឱ្យប្រជាពលរដ្ឋដែលជឿទុកចិត្តលើបក្សប្រជាជនកម្ពុជា ជឿទុកចិត្តលើសម្តេចត្រូវខកបំណងនោះឡើយ។ ការប្រឹងប្រែងក្នុងកិច្ចបម្រើជាតិ និងប្រជាជនរបស់សម្តេចធិបតី គឺជាក្តីសោមនស្សរីករាយដ៏ក្រៃលែងរបស់ប្រជាពលរដ្ឋ ហើយកិច្ចប្រឹងប្រែងប្រកបភក្តីភាពរបស់សម្តេចធិបតី ច្បាស់ណាស់ថានឹងនាំមកនូវផ្លែផ្កាដ៏ល្អប្រសើរសម្រាប់ជាតិ និងប្រជាជន។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូហោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។
ពីកម្ពុជា ទៅកាន់ក្រុងញូវយ៉ក មានចម្ងាយជាង ១ម៉ឺន ៤ពាន់គីឡូម៉ែត្រ ហើយត្រូវចំណាយពេលហោះជាង ២០ម៉ោង។ នេះគឺជាការធ្វើដំណើរដ៏វែងឆ្ងាយលើកដំបូងរបស់សម្តេចធិបតី ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា៕