(សៀមរាប)៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមទាំងអ្នកជំនាញថតរូប និងប្រជាពលរដ្ឋយ៉ាងហោចជាង១ពាន់នាក់ បានចូលទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលយើងហៅថា សមរាត្រី Angkor Exuinox នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មានភ្ញៀវទេសចរប្រមាណ១ពាននាក់លើសបន្តិចបន្តួច គឺបានចូលរួមទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត។ លោកថា ដោយសារមេឃមិនសូវស្រឡះ មានពពកក្រាស់ដាបជើងមេឃ ក្រោយមកក៏មានភ្លៀងរលឹមទៀត ដូច្នេះធ្វើឱ្យការទស្សនារបស់ភ្ញៀវទេសចរមិនបានយូរ។ តែយ៉ាងណា លោកប្រធានមន្ទីរទេសចរណ៍សង្ឃឹមថា ថ្ងៃស្អែក ឬខាងស្អែក នឹងអាចមើលឃើញព្រឹត្តិការណ៍សមរាត្រីនេះទៀត ប្រសិនបើមិនមានភ្លៀងនៅពេលយប់។

លោក កែម មុនីរ័ត្ន (ហៅ VDJ LEO) ជាអ្នកជំនាញថតរូប (Photographer) បានបញ្ជាក់ថា លោករួមជាមួយអ្នកជំនាញថតរូបផ្សេងទៀតក៏ថតរូបភាពបានមួយចំនួនផងដែរ ពោលគឺព្រះអាទិត្យពិតជារះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្តប្រាកដមែន។ លោក កែម មុនីរ័ត្ន បានធ្វើដំណើរពីរាជធានីភ្នំពេញទាំងយប់ ហើយបានទៅដល់ប្រាសាទអង្គរនៅម៉ោង៤ទៀបភ្លឺ ដើម្បីរង់ចាំផ្ដិតយករូបភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនេះ។ លោក LEO ក៏នៅតែរង់ចាំថតរូបភាពនេះនៅថ្ងៃស្អែក និងថ្ងៃខាងស្អែកបន្តទៀត ដើម្បីជួយផ្សព្វផ្សាយពីទស្សនីយភាពដ៏អច្ឆរិយភាពនេះទៅកាន់សាធារណជន និងភ្ញៀវបរទេសជាដើម។

គួរជម្រាបថា សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានពន្យល់ថា ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះមិនមែនជារឿងចៃដន្យនោះទេ តែជាព្រះរាជតម្រិះគិតគូររៀបចំទុកជាមុនរបស់ព្រះមហាក្សត្រ ព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) និងព្រាហ្មទិវាករបណ្ឌិត ដែលជាព្រះរាជបុរោហិតរបស់ព្រះរាជា។

ការរៀបចំប្លង់ស្ថាបត្យកម្មនេះ គឺមានទំនាក់ទំនងជាមួយវិជ្ជាតារាសាស្រ្តរបស់អ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត ឬព្រះបរមវិស្ណុលោកនេះ។ បុព្វបុរសខ្មែរបានរៀបចំប្លង់អង្គរវត្តតំណាងឱ្យរូបភាពបង្រួមចក្រវាទ្ប ដូចជា ការរៀបចំឱ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ខណៈភ្នំព្រះសុមេរុដែលតំណាងដោយប្រាង្គកណ្ដាលប្រាសាទអង្គវត្តនេះ គឺតែងមានព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរគោចរជុំវិញ ដូច្នេះហើយទើបបង្កើតឱ្យមានថ្ងៃរះឡើងចំកំពូលកណ្ដាល២ដងក្នុងមួយឆ្នាំបែបនេះ ពោលគឺស្របទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ៕

អត្ថបទ៖ អាន គុន្ធធារ៉ា
រូបភាព៖ Monirath Photography និង មន្ទីរទេសចរណ៍ខេត្តសៀមរាប