(ក្រុងរីយ៉ូ)៖ រថយន្តក្រុងដែលត្រូវបានផ្ទុកអ្នកសារព័ត៌នានាចំនួន ១២នាក់មកពីស្ថាប័នផ្សេងៗ ដើម្បីយកព័ត៌មាននៅតាមពហុកីឡដ្ឋាននានា ក្នុងឱកាសប្រកួតកីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីលនោះ ត្រូវបានវាយប្រហារ យ៉ាងដំណំ តាមរយៈបាញ់កាំភ្លើងគ្រាប់ជ័រ និងគប់ដុំថ្មផងដែរនោះ
សារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងនៅល្ងាចថ្ងៃពុធ ទី១០ ខែសីហានេះថា រថយន្តក្រុងដែលត្រូវបានរដ្ឋាភិបាលប្រើប្រាស់សម្រាប់ដឹកនាំអ្នកកាសែត ក្នុងការយកព័ត៌មានកីឡាអំពីការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro ត្រូវបានរងការវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារ ទី០៩ សីហាម្សិលមិញនេះ (ម៉ោងនៅប្រេស៊ីល) ស្មើនឹងរសៀលម៉ោងនៅកម្ពុជា។
យោងតាមសេចក្តីរាយការណ៍ពីប៉ូលិសប្រេស៊ីល បានរាយការណ៍មកថា ពុំមាននរណាម្នាក់រងរបួសធ្ងន់នោះទេ បើទោះបីជាកញ្ចក់ និងបង្អួចរថយន្តត្រូវបានបែកខ្ទេចក៏ដោយ។
តែបើយោងតាមលោក Gaston Sainz អ្នកកាសែតមកពីស្ថាប័ន La Nacion របស់អាហ្សង់ទីន ដែលបានធ្វើដំណើរលើរថយន្តក្រុងដែរនោះបានឲ្យដឹងថា អ្នកកាសែតមកពីប្រទេស បេឡារ៉ូសម្នាក់ រងនូវរបួសធ្ងន់រយះដៃ ក្នុងហេតុការណ៍នោះ។
សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ ក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល បានដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃមកហើយ តាំងពីថ្ងៃទី០៥ សីហាមក និងគ្រោង បញ្ចប់ទៅវិញនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ខាងមុខ៕