(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំរៀបចំពិធីដាំដើមឈើដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

កម្មវិធីនេះក៏មានវត្តមានចូលរួមពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ រួមជាមួយឥស្សរជន ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន យុវជនកាកបាទក្រហមកម្ពុជាមកពីសាខាខេត្តកំពង់ស្ពឺ សាខាខេត្តព្រះសីហនុ សាខាខេត្តកណ្តាល សាខារាជធានីភ្នំពេញ រួមជាមួយប្រធានគណៈកម្មាធិការសាខាមកពីសាខានីមួយៗនៃសាខាចំនួន២១ផ្សេងទៀត ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសអន្តរជាតិសរុប៤៥នាក់ដែរ ក្នុងនោះមានលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងមន្ត្រីអម៣នាក់ ប្រតិភូសហព័ន្ធអន្តរជាតិ៣នាក់ តំណាងស្ថាប័ន OCRC ៣នាក់ ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេសចំនួន៣៥នាក់ ពោលកម្មវិធីនេះមានសមាសភាពចូលរួមប្រមាណជាង៧០០រូប។

នាឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានថ្លែងថា ការរៀបចំកម្មវិធីនៅថ្ងៃនេះជាផ្នែកមួយនៃវេទិកាយុវជនលើកទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍ គឺជាការចុះអនុវត្តជាក់ស្តែង ដើម្បីទទួលបានបទពិសោធន៍ក្នុងការដាំដើមឈើឡើងវិញនៅតាមតំបន់ព្រៃភ្នំ លើកកម្ពស់ការយល់ដឹងនូវគុណតម្លៃនៃព្រៃឈើ និងសត្វដែលរស់នៅក្នុងភពផែនដី។ លើសពីនេះទៅទៀត កម្មវិធីនេះក៏លើកទឹកចិត្តដល់យុវជនគ្រប់ជំនាន់ឱ្យមានឆន្ទៈចូលរួមក្នុងបេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និងបញ្ហាប្រឈមជាសកល។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយក្នុងការការពារបរិស្ថាន ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្តារឡើងវិញនូវព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវនាវប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតងមានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសសូមបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះតាមធម្មជាតិវិញ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិប្រកបដោយសុខុមាលភាព៕