(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ចាប់ពីពេលនេះ បើប្រជាពលរដ្ឋបញ្ចេញសំរាមខុសម៉ោង និងត្រូវឲ្យមន្ទីរបរិស្ថានខេត្ត ផាកពិន័យ។ លោកអភិបាលខេត្ត ក៏បានស្នើសូមចូលរួមបញ្ចេញសំរាម ឲ្យបានតាមពេលវេលាកំណត់ ដើម្បីធ្វើអោយទីក្រុងស្អាត មានសោភ័ណ្ឌភាពល្អ។

លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសំរាម នៅក្នុងក្រុងព្រះសីហនុ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកប្រធានមន្ទីរ និងនាយកគ្រប់គ្រងប្រមូលសំរាម KSWM និងអង្គភាពពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ការលើកឡើងបែបរបស់លោក បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់អាជ្ញាធរក្រុង និងនាយកក្រុមហ៊ុនគ្រប់គ្រងប្រមូលសំរាម KSWM ហើយលោក គួច ចំរើន​ បានធ្វើការណែនាំជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យបានទាន់ ពេលវេលាឱ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុ ដោយកំណត់ម៉ោងពេលបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីធានាថា សំរាមមិននៅពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ដោយសារខ្វះស្មារតីឯកភាព។

ក្នុងឱកាសនោះ អភិបាលខេត្ត បានធ្វើការណែនាំនូវចំណុចមួយចំនួនមានដូចជា អាជ្ញាធរក្រុង និងក្រុមហ៊ុន KSWM ត្រូវរៀបចំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្តីពីការបញ្ចេញសំរាមចាប់ពីម៉ោង៨ ដល់ ១០យប់ ក្រុមហ៊ុនប្រមូលសំរាមត្រូវមានភារកិច្ចក្នុងការប្រមូលដឹកជញ្ជូនសំរាមចេញពីក្រុង ដោយធានាការទទួលខុសត្រូវ។ មន្ទីរបរិស្ថាន អាជ្ញាធរក្រុង សង្កាត់ ភូមិត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការពិនិត្យការបញ្ចេញ និងប្រមូលសំរាមតាមកាលវិភាគជាក់ស្តែងនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៤។

លោកបន្ថែមថា អាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាមត្រូវបង្កើតក្រុម ព្រមទាំងបំពាក់ GPS សម្រាប់ ឡានដឹកសំរាម ងាយស្រួលត្រួតពិនិត្យតាមដានដោះស្រាយបានទាន់ពេលវេលា ចៀស វាងការឆ្លើយដាក់គ្នា ធ្វើឱ្យមានការកកស្ទះសំរាមនៅតាមទីតាំងណាមួយក្នុងក្រុងរបស់យើង ត្រូវថតគំនរសំរាមបង្ហោះចូលក្នុងគ្រុបការងារ និងចូលរួមកែទម្លាប់ការបោះចោលសំរាមបែបអនាធិបតេយ្យមកជាសណ្តាប់ធ្នាប់ ក្រុមហ៊ុនត្រូវតំឡើងផែនទីខ្សែផ្លូវនៅក្នុងក្រុង តាមដានគ្រប់គ្រងបញ្ហាសំរាមនៅក្នុងទីក្រុង។

លោកបន្តថា ទន្ទឹមនោះ ក៏មានទីលានផ្ទេរសំរាមបណ្តោះអាសន្ន សម្រាប់ធ្វើការដឹកជញ្ជូនចេញទៅទីលាន ត្រូវអនុវត្តវិធានការអនុក្រឹត្យលេខ១១៣ ស្តីពីការផាកពិន័យអន្តរកាលទៅតាមច្បាប់ក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធទិន្នន័យ នៃការប្រមូលសំរាមមានលក្ខណៈវិទ្យាសាស្ត្រក្នុងក្រុងព្រះសីហនុ។

បើតាមលោក គួច ចំរើន ក្រៅពីក្រុមហ៊ុនប្រមូលសំរាម KSWM ក៏មានក្រុមហ៊ុនប្រមូលកាកសំណល់សំណង់ ២ទៀត ដែលកំពុងប្រតិបត្តិការក្នុងក្រុងព្រះសីហនុ ដោយការទទួលខុសត្រូវ ដោយត្រូវបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ចុះបិទស្ទីកឃ័រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្តីពីការបញ្ចេញ និងប្រមូលសំរាម ទាក់ទងសំរាមនៅតាមផ្លូវតូច ប្រជាពលរដ្ឋអាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមួលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣៕