(ត្បូងឃ្មុំ)៖ អាជ្ញាធរសវនកម្មជាតិ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង-ស្រុក និងឃុំ-សង្កាត់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ សរុបចំនួន ១៤៨នាក់ នៅសាលាខេត្តត្បូងឃ្មុំ។

អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងលោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពាង ណារិទ្ធ អភិបាលស្តីទីខេត្តត្បូងឃ្មុំ។

នាឱកាសនោះលោក ពាង ណារិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ, គឺជាឱកាសដ៏វិសេសមួយក្នុងការស្វែងយល់អំពី ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រម្ពុជា។

លោកបណ្ឌិត អ៊ុក សារាវុធ គូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។

លោកបណ្ឌិត អ៊ុក សារាវុធ បានបន្ថែមថា យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិ អនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់លើ ៤ចំណុច សំខាន់ៗរួមមានទី៖ សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ ទី២៖ ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣៖ ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទី៤៖ ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង-ស្រុក សង្កាត់-ឃុំទាំងអស់ ចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ។

គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា និងចម្លើងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕