(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានលើកឡើងថា សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺជាសមយុទ្ធមួយដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ ប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ យោធានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ជាមួយតំណាងកងទ័ពរំដោះប្រជាជនចិន បិទសមយុទ្ធសុខាភិបាលយោធារួមគ្នាមួយ ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។

រដ្ឋមន្ដ្រីការពារជាតិកម្ពុជា បានអះអាងទៀតថា កងយោធពលខេមរភូមិន្ទ មានមោទនភាពជាទីបំផុត បានធ្វើជាម្ចាស់ផ្ទះជាលើកទី១ សមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នាពេលនេះ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀន សូត្រពីគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហការជាមួយគ្នាកាន់តែ ជិតស្និទ្ធថែមទៀត សម្រាប់ជួយផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមថា សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន «ទេវតាសន្តិភាព- ឆ្នាំ២០២៣» ដែលដំណើរការទទួលបានជោគជ័យនាថ្ងៃនេះ បានផ្ដើមចេញពីការទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកកម្ពស់ជានិច្ចសម្រាប់បម្រើឱ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូតយោធា ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ រដ្ឋាភិបាល និងកងទ័ព ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេល កន្លងមក។

លោកបន្ដថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកថា ការងារហ្វឹកហ្វឺន គឺជាកត្តាគន្លឹះដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍសមត្ថភាពធនធានមនុស្សវ័យក្មេងបន្តវេន ការងារនាពេលអនាគត ដែលជាជ្រុងអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ ដើម្បីបន្តធានាកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាព ទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ទាំងបច្ចុប្បន្ន និងអនាគត និងចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ មនុស្សធម៌នៅលើពិភពលោកទៀតផង។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក៏បានជំរុញគ្រប់កងឯកភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីធ្វើឲ្យសមយុទ្ធទេវតាសន្តិភាព នាពេលខាងមុខ ក្លាយទៅជាយន្តការដ៏សំខាន់មួយ សម្រាប់ប្រាស្រ័យទាក់ទងគ្នា និងធ្វើជាបទពិសោធន៍រៀបចំ សមយុទ្ធជាមួយប្រទេសជាដៃគូ អភិវឌ្ឍន៍យោធាផ្សេងទៀតនៅកម្ពុជាឲ្យមានប្រសិទ្ធភាព៕