(សៀមរាប)៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយលោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤នៃអន្តររដ្ឋាភិបាលអំពីអង្គរ ដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំបូរព្រៃគុក។

សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា «គណៈកម្មការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក»៕