(សៀមរាប)៖ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីទូងស្គរអបអរសាទរនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ពិធីទូងស្គរអបអរសាទរនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការអាជ្ញាធរជាតិអប្សរា។

គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក៕