(កំពង់ស្ពឺ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយវត្ដមានឥស្សរជនថ្នាក់ដឹកនាំតាមក្រសួង អគ្គលេខាធិការអាស៊ាន ប្រធានប្រតិភូសហព័ន្ធអន្ដរជាតិ ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី និងថ្នាក់ដឹកនាំ-យុវជនសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១, ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ប្រជាពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋសរុបជាង៧០០នាក់ បានប្រារព្ធពិធីទូងស្គររួមគ្នាយ៉ាងអធិកអធម ដើម្បីចូលរួមអបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ពិធីទូងស្គរអបអរសាទរនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសពិធីដាំដើមឈើអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹត-ព្រះកុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ ខណៈទីសាធារណៈ វត្តអារាម និងភូមិដ្ឋាននានាទូទាំងប្រទេសក៏ប្រារព្ធពិធីអបអរសាទរនេះដូច្នេះ។

គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក៕