(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបើកដំណើរការជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលអ្នកគ្រប់គ្រង និងសវនករថាមពល ដែលមានហៅកាត់ថា (CEMAT)។

ពីធីនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព របស់លោក វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, លោកសាស្រ្តាចារ្យ ប៉ូ គឹមថូ អគ្គនាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក Shakeel Ahmad អ្នកតំណាងរង UNDP កម្ពុជា។

លោក វិចទ័រ ហ្សូនា បានលើកឡើងពីសារៈសំខាន់នៃអ្នកគ្រប់គ្រង និងសវនករថាមពល និងសារៈសំខាន់របស់កម្មវិធីបណ្តុះបណ្តាល ក្នុងការជួយកម្ពុជាសម្រេចបាននូវគោលដៅនៃគោលនយោបាយជាតិប្រសិទ្ធភាពថាមពល (NEEP) 2022-2030។

លោកសាស្រ្តាចារ្យ ប៉ូ គឹមថូ បានសង្កត់ធ្ងន់លើតួនាទីរបស់ CEMAT ក្នុងការជំរុញសន្តិសុខ និងប្រសិទ្ធភាពថាមពល ក្នុងបរិបទនៃបញ្ហាអាកាសធាតុស្មុគស្មាញ និងតម្រូវការថាមពលដែលកំពុងកើនឡើងខ្លាំង។

លោក Shakeel Ahmad បាននិយាយថា CEMAT នឹងផ្តល់ឱ្យយុវជនកម្ពុជា អ្នកបច្ចេកទេស ឬនិយោជកក្នុងវិស័យឧស្សាហកម្ម និងសំណង់នូវឱកាសថ្មីមួយដើម្បីធ្វើការក្នុងវិស័យថាមពលស្អាត។

ព្រឹត្តិការណ៍នេះបានលើកឡើងពីសារៈសំខាន់របស់ CEMAT ដោយផ្តោតលើភាពឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាបច្ចុប្បន្ន ខ្លឹមសារកម្មវិធី និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រ ដោយការធ្វើបទបង្ហាញដោយលោកបណ្ឌិត ចាន់ សារិន្ទ និងលោកស្រីបណ្ឌិត គីនណាលេត វង់ច័ន្ទ។

ព្រឹត្តិការណ៍នេះក៏មានការពិភាក្សា ដែលមានការចូលរួមពី ភាគីពាក់ព័ន្ធ លើប្រធានបទកម្មវិធី CEMAT និងតួនាទីក្នុងអនាគតវិស័យថាមពលរបស់កម្ពុជា។ CEMAT ត្រៀមខ្លួនជាកម្លាំងចលករក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកថាមពលរបស់ប្រទេសកម្ពុជា និងការលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស៕