(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីរបាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការ និងដំណើរវិវត្តជារួមនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋានដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទីមួយឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងណាក្ដី។

ជាមួយគ្នានេះ វិស័យកសិកម្មត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានវាយតម្លៃថាងើបឡើងវិញលឿនក្នុងអត្រា៤១,៥%។

ចំពោះ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនរឹងមាំក្នុងអត្រាប្រមាណ១១,៧% ដូចការរំពឹងទុកដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើង យ៉ាងគំហុកក្នុងអត្រា១៧២%៕