(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឱ្យសមស្របជាមួយបរិបទថ្មីនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ចំណុចដែលកែសម្រួលនោះ គឺពាក់ព័ន្ធលើការកំណត់សមាសភានៃគណៈកម្មការនេះ។
សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សេចក្តីព្រាងព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.)ត្រូវបានរៀបចំឡើងដោយមានការកែសម្រួលខ្លឹមសារមួយចំនួនពីព្រះរាជក្រឹត្យចាស់។ ការសម្រួលខ្លឹមសារនេះ ដើម្បីឱ្យសមស្របជាមួយបរិបទថ្មីនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។
ចំណុចសំខាន់ៗដែលបានកែសម្រួលនោះ គឺសមាសភាពរបស់ គ.ក.ស. ដោយមានបន្ថែមប្រធានអនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យសមស្របតាមប្រភេទ និងទំហំការងារដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវទទួលបន្ទុក។
អនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. រួមមាន៖ ១) អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រី។
ផ្អែកលើការរៀបចំថ្មីនេះ យន្តការស្ថាប័នទទួលបន្ទុកការងារកែទម្រង់ដែលនៅដោយឡែកៗពីគ្នា ដូចជាក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស និងក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នឹងត្រូវរៀបចំបញ្ចូលក្នុងយន្តការស្ថាប័នដឹកនាំនិងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលកំណត់ដោយសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីនេះ។
សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានរៀបចំឡើងចំនួន ២១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលថ្មីនេះ។ ក្នុងនោះពាក់ព័ន្ធការតែងតាំងតួនាទីរបស់រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងការតែងតាំងតួនាទីទីប្រឹក្សា និងជំនួយការ ក៏ត្រូវបានកែសម្រួលផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋបាលសាធារណៈប្រៀបដូចជាការរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ឱ្យមានរបៀបរៀបរយ ដើម្បីងាយស្រួលក្នុងការធ្វើកិច្ចការដទៃទៀត៕