(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅកាន់អាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធត្រៀមលក្ខណៈសម្បត្តិជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា ជាពិសេសគ្រោះទឹកជំនន់ដែលតែងកើតឡើងនៅចុងរដូវវស្សា។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកមិញនេះ ជាការប្រជុំលើកទី២ នៃរាជរដ្ឋាភិបាលនីតិកាលថ្មី។ កិច្ចប្រជុំបានធ្វើឡើងតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង២រសៀល ដាច់បាយថ្ងៃត្រង់ទាំងនាយករដ្ឋមន្ត្រី ក៏ដូចជាសមាជិក សមាជិការាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាប្រជាពលរដ្ឋ ក៏ដូចជាគិតគូរលើការ​លើក​​កម្ពស់​ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ក្រៅតែជជែកពិភាក្សាលើរបៀបវារៈនានាហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការ​ឆ្លើយតបនិងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា។

ការណែនាំនេះ បានបង្ហាញឱ្យឃើញនូវស្មារតីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត តែងគិតគូរខ្ពស់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ៕