(ភ្នំពេញ)៖ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានកំណត់ពេលវេលាចាប់ផ្តើមអនុវត្តន៍រួចរាល់ហើយ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅមុនដាច់ឆ្នាំ២០២៣។
ពេលវេលានៃការចាប់ផ្តើមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ខាងលើ ជាបន្តបន្ទាប់ មុនដំណាច់ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
បើតាមសេចក្តីប្រកាសព័ត៌មានទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា កម្មវិធីទី១ និងទី២ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, កម្មវិធីទី៣ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, កម្មវិធីទី៤ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, កម្មវិធីទី៥និងទី៦ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
ទន្ទឹមនឹងការបង្ហាញពីផែនការនៃការចាប់ផ្តើមអនុវត្តន៍នូវគោលនយោបាយអាទិភាពទាំង៦នេះហើយនោះ ក្នុងកិច្ចប្រជុំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ និងសន្យាចំពោះប្រជាពលរដ្ឋ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធផ្ទាល់ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រូវពន្លឿនបន្ថែមនូវរបៀបវារៈរបស់ខ្លួន ស្របតាមយន្តការអនុវត្តដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់៕