(ភ្នំពេញ)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តិនៅចំណុច SKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ ការឃាត់ខ្លួន ធ្វើនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ឈ្មោះ ចាន់ សុខពៅ ហៅ ពៅម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ (មានសារញៀន)។ វត្ថុតាងចាប់យក៖ ផ្លាកលេខម៉ូតូ០១សន្លឹង (ភ្នំពេញ ១KG-3260), មួកសុវត្ថិភាព ពណ៌ស ម៉ាក SPC ចំនួន១, ទូរស័ព្ទ១គ្រឿង ម៉ាក Huawe ពណ៌ខៀវ គ្មានស៊ីម, ខោខៅប៊យ ជើងខ្លី ត្រឹមជង្គុង ម៉ាក FUBU JEANS, កូនកាំបិតស្នៀតរុញ ម៉ាកDeli 2057, ក្រដាក់អាលុយមីញ៉ូមចំនួន០១ដុំ និងទុយយោមួយចំនួន (សម្រាប់ជក់គ្រឿងញៀន)។

ជនរងគ្រោះ ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៦៨ ផ្លូវលំ ភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរតារាសម្ដែង, សម្ហារៈបាត់បង់, ទូរស័ព្ទដៃ១គ្រឿង ម៉ាក ViVO ពណ៌ខៀវ ស៊ីមលេខ០១៥ ៥៣១ ១១៥។

ដំណើររឿងហេតុ៖ មុនដំបូងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១៖០០នាទី ជនរងគ្រោះបានដើរចេញពីហូបអាហារនៅហាងចិន ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ពេលដ់រមកដល់ចំណុច SKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ក៏ស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ០២គ្រឿង ម៉ាកអិចសាយទ័រ ពណ៌ខៀវ មិនច្បាស់ផ្លាកលេខ (ជិះម្នាក់ឯង) ចាំមើលផ្លូវជិះបិទគូថ និងម៉ាកឃ្លីច ពណ៌ស មិនច្បាស់ផ្លាកលេខ (ឌុបគ្នា០២នាក់) ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង ម៉ាក ViVO ពណ៌ខៀវ ស៊ីមលេខ ០១៥ ៥៣ ១១១៥ បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់។

រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង១៥៖៣០នាទី សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅ ពៅម៉ាប់ នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាំយកមកអធិការនគរបាលខណ្ឌបឹងកេងកង ធ្វើការសាកសួរតែម្ដង។ ក្រោយពីសាកសួរ ជនសង្ស័យ បានសារភាពថា រូបខ្លួន និងបក្ខពួក ពិតជាប្រព្រឹត្ដសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ បានសម្រេច ហើយឲ្យបក្ខពួកខ្លួនយកទៅលក់ (មិនដឹងលក់នៅណា) រួចផ្ញើលុយឲ្យខ្លួនចំនួន២០$ យកស៊ីចាយអស់ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕