(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ជូននាយទាហាន និងយោធិន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងការពារព្រំដែន៥០៣ យោធភូមិភាគទី៥ កងទ័ពជើងគោក ចំនួន៤រូប នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។

នាយទាហាន និងយោធិន ដែលត្រូវតែងតាំង និងផ្លាស់ប្តូរមុខតំណែងថ្មី រួមមាន៖
ទី១៖ វរសេនីយ័ឯក ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
ទី២៖ វរសេនីយ៍ឯក កុល ចាន់ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
ទី៣៖ វរសេនីយ៍ទោ វណ្ណ រតនាវង្ស មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
ទី៤៖ វរសេនីយ៍ទោ រឿង សារិត មេបញ្ជាការ កងការពារព្រំដែន៥០៣ យោធភូមិភាគទី៥ កងទ័ពជើងគោក។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានចូលរួមអបអរសាទរជាមួយលោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។

លោកក៏បានសម្តែងនូវការអបអរសាទរជាមួយ នាយទាហានជាន់ខ្ពស់ ចំនួន០៤រូប ដែលត្រូវបានតែងតាំងមុខតំណែង និងប្រកាសនាពេលនេះ ដោយបានសង្កត់ធ្ងន់ថា នេះជាការសម្រេច ដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ពិសេសវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិជាច្រើនទៀត។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏សង្ឃឹមយ៉ាងមុតមាំថា នាយទាហានទាំង៤រូប រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងយោធិន របស់យោធភូមិភាគទី៥ នឹងរួមគ្នាក្នុងការសាមគ្គីភាពផ្ទៃក្នុង បន្តខិតខំប្រឹងប្រែងបំពេញការងារ និងកសាងទីតាំងឈរជើងឱ្យបានរីកចម្រើនរឹងមាំ ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ កងទ័ពជើងគោក រួមមាន៖
ទី១៖ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានដាច់ខាតនូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពនយោបាយ,
ទី២៖ អនុវត្តឲ្យបានម៉ឹងម៉ាត់នូវបទបញ្ហា និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ,
ទី៣៖ ត្រូវរៀបចំពិនិត្យកែសម្រួលកម្លាំងឈរជើងជួរមុខ ពង្រឹងកម្លាំងអន្តរាគន៍នៅតាមចំណុចយុទ្ធសាស្ត និងពង្រឹងមូលដ្ឋានជុំរុំបន្ទាយ,
ទី៤៖ ត្រូវរៀបចំកម្លាំងល្បាតតាមព្រំដែនជាប់ជាប្រចាំ ដកពិសោធន៍តំបន់ចំណុចខ្ពស់ និងក្តាប់សភាពការណ៍ រាយការណ៍សភាពការណ៍មកថ្នាក់លើ ឲ្យបានទាន់ពេលវេលា,
ទី៥៖ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព កសាងធនធានមនុស្សគ្រប់ផ្នែកគ្រប់ជំនាញ និងផ្តល់ឱកាសឲ្យនាយទាហានវ័យក្មេង មានសមត្ថភាពឲ្យចូលក្នុងជួរថ្នាក់ដឹកនាំបញ្ជា ដើម្បីដកពិសោធន៍ពីរៀមច្បង, ទី៦៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងអាវុធជាតិផ្ទុះ គ្រប់គ្រង និងប្រើប្រាស់កម្លាំង សម្ភារ គ្រឿងបំពាក់ឲ្យបានល្អ ត្រៀមកម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយនានា,
ទី៧៖ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូន ប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាន នូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្ក ចលាចល និងបង្កអស្ថិរភាពសង្គម
និងទី៨៖ ត្រូវយកកត្តាសាមគ្គីភាពផ្ទៃក្នុងជាចម្បង បន្តថែរក្សាប្រពៃណីមិត្តភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងបន្តយកចិត្តទុកដាក់កសាងសមត្ថភាពទ័ព ចិញ្ចឹមបីបាច់ថែរក្សាសុខុមាលភាព និងលើកកម្ពស់ជីវភាព រស់នៅរបស់កងទ័ព ឲ្យបានល្អប្រសើរ «ស្នាមញញឹម និងសេចក្តីសុខរបស់យុទ្ធជន ជាចំបង»៕