(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ ដឹកនាំដោយលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានចូលរួមអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) សម្រេចជាឯកច្ឆន្ទដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត (Arabia) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

កន្លងមកកម្ពុជារបស់យើងត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោករួមមាន៖
១៖ តំបន់ប្រាសាទអង្គរវត្ត = ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២
២៖ ប្រាសាទព្រះវិហារ = ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងហ្គេបិច ប្រទេសកាណាដា
៣៖ តំបន់ប្រាសាទសំបូរព្រៃគុក = ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ
៤៖ ល្បែងទាញព្រ័ត្រ = ចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី
៥៖ របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ = ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣
៦៖ ល្ខោនស្រមោលស្បែកធំ = ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥
៧៖ ចាប៉ីដងវែង = ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
៨៖ ល្ខោនខោល = ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស
៩៖ គុនល្បុក្កតោ = ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៃមនុស្សជាតិ នាថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ នៅទីក្រុងរ៉ាបាត់ ប្រទេសម៉ារ៉ុក
១០៖ រមណីយដ្ឋានប្រាសាទកោះកេរ = ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

នេះជាមោទកភាពជាតិជាប្រវត្តិសាស្ត្រដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា បន្ទាប់ពី «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានទទួលស្គាល់ជាផ្លូវការ ជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធនានា៕