(ភ្នំពេញ)៖ ស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន សាលារាជធានីភ្នំពេញ មានផែនការបិទមិនឲ្យធ្វើចរាចរណ៍ទាំងស្រុង នៅអំឡុងឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធ្វើការជួសជុល និងកែលម្អរឡើងវិញ ខៈណៈពេលស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង។
នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មការអន្តរក្រសួងដោះស្រាយ ផលប៉ះពាល់ គម្រោងជួសជុលស្ពានជ្រោយចង្វារចាស់ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន នៅរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៦។
លោក ឃួង ស្រេង បានបន្តឲ្យដឹងថា «ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងបិទចរាចរណ៍ទំាងស្រុង ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដើម្បីជួសជុល ឡើងវិញសម្រូលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ប៉ុន្តែនៅមិនទាន់មានការកំណត់កាលបរិច្ឆេទថា នឹងជួសជុលរយៈពេលប៉ុន្មនាឆ្នាំនៅឡើយទេ។ តែគ្រាន់តែដឹងថា នឹងមានការជួសជុលចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ខ្ញុំនឹងមានការពិភាក្សាជាថ្មីម្តងទៀត ជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ថានឹងរៀបចំគម្រោងអ្វីខ្លះ ដើម្បីជួសជុលស្ពាននេះឡើងវិញ»។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងទៀតថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសកំណល់ឬធ្នឹមទ្រតួស្ពានសង់ខាង និងការងារជាច្រើនទៀត ត្រូវចំណាយថវិកាអស់ប្រមាណ ៣៣លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទាន សហប្រតិបត្តិការពីប្រទេសជប៉ុន៕