(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ វ៉ាង ស៊ូឈាន (WANG SHUQIAN) ប្រធាននាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គង់ភស្តុភារ គណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធដល់លទ្ធផលនៃការរៀបចំលំហាត់សមយុទ្ធសុខាភិបាលរួមគ្នា «ទេវតាសន្តិភាព ២០២៣» កម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅអស់រយៈពេលជាងមួយសប្តាហ៍។

ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់សាវនការ អគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនាឱកាសនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការងារដើម្បីចូលរួមក្នុងពិធីបិទលំហាត់សមយុទ្ធសុខាភិបាលរួមគ្នា «ទេវតាសន្តិភាព-២០២៣» កម្ពុជា-ចិន ហើយបានចំណាយពេលវេលាចូលជួបសម្ដែងការគួរសម សំណេះសំណាល ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអគ្គមេបញ្ជាការ។

នាយឧត្តមសេនីយ៍ បានចាត់ទុកថា ការអញ្ជើញមកកាន់កម្ពុជារបស់ប្រតិភូសុខាភិបាលកងទ័ពរំដោះប្រជាជនចិនមកកាន់កម្ពុជា គឺបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន ចំពោះកងយោធពលខេមរភូមិន្ទ ក្នុងការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងកងទ័ពទាំងពីរកាន់តែល្អប្រសើរឡើង។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ វ៉ាង ស៊ូឈាន ក្នុងនាមប្រតិភូសុខាភិបាលកងទ័ពរំដោះប្រជាជនចិន បានថ្លែងនូវអំណរគុណនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលបានផ្ដល់ពេលវេលាដ៏សមគួរអនុញ្ញាតឱ្យប្រតិភូបានចូលជួបសម្ដែងការគួរសម សំណេះសំណាល និងពិភាក្សាការងារក្នុងលក្ខណៈជាមិត្តភាព ជាប្រពៃណីបងប្អូន ក្នុងឱកាសដែលប្រតិភូ មកបំពេញបេសកកម្មការងារនៅកម្ពុជាដើម្បីចូលរួមក្នុងពិធីបិទលំហាត់សមយុទ្ធសុខាភិបាលរួមគ្នា «ទេវតាសន្តិភាព-២០២៣» ចិន-កម្ពុជា។

ឧត្តមសេនីយ៍ទោ វ៉ាង ស៊ូឈាន បានបញ្ជាក់ថា សមយុទ្ធសុខាភិបាល «ទេវតាសន្តិភាព» ដែលបានរៀបចំធ្វើនៅកម្ពុជា លើកទីមួយ ហើយ ដែលភាគីកងទ័ពទាំងពីរ បានអនុវត្តការងាររួមគ្នាលើវិស័យវេជ្ជសាស្ត្រសុខាភិបាល និងការសង្គ្រោះដែលមានការចូលរួមពីសំណាក់កងទ័ពជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិន។

ឧត្តមសេនីយ៍ទោ វ៉ាង ស៊ូឈាន បានបន្តថា ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-និងកម្ពុជា និងក៏ជា «ឆ្នាំនៃមិត្តភាពចិន-កម្ពុជា» ដូចដែលយើងដឹងស្រាប់ហើយថា មិត្តភាពជាប្រពៃណីរវាងចិន-និងកម្ពុជា កាន់តែរឹងមាំឡើងៗ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទៅវិញទៅមក នាពេលបច្ចុប្បន្ន ហើយបានបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាព និងការរីកចម្រើន។ តាមរយៈនៃការចុះហត្ថលេខាលើសកម្មភាពចិន-កម្ពុជា ក្នុងការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នានេះ គឺបានបង្ហាញពីទិសដៅក្នុងការជំរុញលើការអភិវឌ្ឍន៍ប្រទេសចិន-កម្ពុជា។ ទំនាក់ទំនង និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរហ្នឹងក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិប្រភេទថ្មី។

ឧត្តមសេនីយ៍ទោ វ៉ាង ស៊ូឈាន បានបន្ថែមថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីថ្មីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសចិន ជាលើកដំបូងបន្ទាប់ពីចូលកាន់តំណែង ដែលបង្ហាញយ៉ាងពេញលេញថា រដ្ឋាភិបាលថ្មីនៃប្រទេសកម្ពុជា មានអ្នកបន្តវេនដើម្បីរក្សាចំណងមិត្តភាពជាប្រពៃណីរវាងចិន-និងកម្ពុជា និងជំរុញឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ប្រកបដោយភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តពិតជានឹងបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរ និងយោធាទាំងពីរ កាន់តែមានភាពប្រសើរឡើង។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានខិតខំពុះពាររក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈយ៉ាងល្អប្រសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទៈប្រជាពលរដ្ឋ ស្របច្បាប់ បន្តវេនពីរាជរដ្ឋាភិបាលចាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ជាពិសេសជោគជ័យនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការឆ្លងរាតត្បាតនៃជំងឺឆ្លងជាសកលកូវីដ១៩ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់កងយោធពលខេមរភូមិន្ទ។ ក្នុងនោះផងដែរ ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកក៏នឹងជួយដល់ការពង្រឹងភាពជាដៃគូ និងសមត្ថភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងនាំមុខក្នុងប្រតិបត្តិការសង្គ្រោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់ថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខនៃកងទ័ពប្រទេសទាំងពីរ ដែលក្នុងនោះរំពឹងនឹងទទួលបានដោយជាក់ស្ដែង លើការងារមួយចំនួនដូចជា.ការផ្លាស់ប្ដូរបទពិសោធន៍លើ «ប្រតិបត្តិការសង្គ្រោះ សុខាភិបាល មនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ ខណៈដែលកម្ពុជា ក៏ធ្លាប់ទទួលរងនូវគ្រោះមហន្តរាយនានាដោយយថាហេតុ នៅក្នុងផ្ទៃប្រទេសនាពេលកន្លងមកផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមជំនឿថា សមយុទ្ធរួមគ្នានាខែកញ្ញា ឆ្នាំ២០២៣ នេះ និងរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រ ដល់កិច្ចដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមគ្នា កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕