(ភ្នំពេញ)៖ អ្នកជំនួញជាតិ និងអន្តរជាតិបានសម្តែងការអបអរសាទរចំពោះប្រាសាទកោះកេរ ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ របស់អង្គការយូណេស្កូ ដែលនឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើនជាងមុន នាំឱ្យជះឥទ្ធិពលល្អដល់ការទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនបរទេស។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជាដែលតំណាងឱ្យវិស័យឯកជននៅទូទាំងប្រទេស និងតំណាងនៅក្រៅប្រទេស សម្តែងការចូលរួមអបអរសាទរ ចំពោះរមណីរដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយអង្គការយូណេស្កូ នៅថ្ងៃ១៧ កញ្ញា ២០២៣នេះ។
លោកបន្តថា ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ក្រៅពីជះឥទ្ធិពលដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក៏ចូលរួមក្នុងការទាក់ទាញវិនិយោគិនពីបរទេស មកវិនិយោគលើវិស័យផ្សេងៗផងដែរ ដូចជាវិស័យដឹកជញ្ជូន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ក៏ដូចជាវិស័យកសិកម្ម និងការកែច្នៃអាហារផ្សេងៗ សម្រាប់បម្រើ និងផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ។
ជាមួយគ្នានេះ លោក CAO ZHENWEI នាយកប្រតិបត្តិក្រុមហ៊ុន WICAM ដែលបានសម្រេចចិត្តវិនិយោគលើការផ្គត់ផ្គង់សេវាកម្មអ៊ីនធើណេតនៅកម្ពុជា បានសម្តែងការអបអរសាទរ ដែលប្រាសាទបុរាណរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ។
លោកបានឱ្យដឹងផងដែរថា លោកនឹងបន្តផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌របស់ខ្មែរទៅកាន់ប្រជាជនចិន តាមរយៈប្រព័ន្ធអ៊ីនធើណេត ឱ្យពួកគេស្គាល់ប្រទេសកម្ពុជាឱ្យបានច្បាស់ ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា។
លោកបន្តថា ការរីកចម្រើននៃវិស័យបច្ចេកវិទ្យា ងាយនឹងធ្វើឱ្យប្រជាជន ទាំងចិន និងប្រទេសផ្សេងៗ ទទួលបានព័ត៌មានបានលឿន និងទូលំទូលាយ។
ចំណែក លោក ធួន ស៊ីណាន អ្នកជំនួញក្នុងវិស័យទេសចរណ៍ បានលើកឡើងដែរថា ការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ នឹងពញ្ញាក់អារម្មណ៍ ពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក ឱ្យដឹងថាកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព។
លោកបន្តថា ខណៈថ្មីៗនេះមានសារព័ត៌មានជាច្រើននៅបច្ចឹមលោក បានផ្សាយវាយប្រហារកម្ពុជា ទាក់ទងនឹងការចាប់ជំរិត ឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ជាដើម ដែលធ្វើឱ្យគេមើលឃើញកម្ពុជាថាមិនល្អ ប៉ុន្តែតាមរយៈការប្រកាសរបស់យូណេស្កូពីការចុះបញ្ជី ប្រាសាទកោះកេរបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងក្លាយជារបត់ថ្មី និងជាការពញ្ញាក់អារម្មណ៍បែបថ្មីទៅកាន់ពិភពលោក ថាកម្ពុជាជាប្រទេសដែលមានភាពសុខសាន្ត គ្មានសង្រ្គាម ឬការចាប់ជំរិតដូចការបំប៉ោងរបស់សារព័ត៌មានមួយចំនួននោះទេ ហើយវានឹងជះផលល្អមកខ្លះវិញ។
លោកបានកត់សម្គាល់ទៀតថា ប្រាសាទកោះកេរនេះ ហាក់មានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរថៃ ហើយសង្ឃឹមថាបន្ទាប់ពីផ្សព្វផ្សាយកាន់តែទូលំទូលាយរបស់រដ្ឋាភិបាល និងឯកជន ពីការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ នឹងធ្វើឱ្យប្រាសាទនេះ មានការចាប់អារម្មណ៍ច្រើនជាងមុន។
សូមជម្រាបផងដែរ រមណីរដ្ឋានប្រាសាទកោះកេរ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧៕