(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបគណៈប្រតិភូបារាំងដឹកនាំដោយលោក Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង និងលោកស្រី Sandrine BOUCHER នាយិកា ប្រចាំប្រទេសកម្ពុជា របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Jacques PELLET លោកស្រី Sandrine Boucher និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើវិស័យធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈឯកអគ្គរដ្ឋទូត ក៏ដូចជាលោកស្រីនាយិកា, រដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណចំពោះសាធារណរដ្ឋបារាំង ជាពិសេស AFD ដែលក្នុងរយៈពេលជាង២ទសវត្សរ៍ តែងតែផ្តល់នូវការឧបត្ថម្ភ និងគាំទ្រដល់ប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុ លើគ្រប់វិស័យ ជាពិសេសការស្តារ និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

សូមជម្រាបថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្រសួងធនធានទឹក និងឧតុនិយមទទួលសមិទ្ធផល គម្រោងចំនួន២ ដែលគាំទ្រដោយហិរញ្ញប្បទានរបស់ AFD មាន ១បានបញ្ចប់ និង១ទៀតកំពុងអនុវត្តគឺទី១៖ គម្រោង WASP (Water Agricultural Sector Project) រយៈពេល ៥ឆ្នាំ(២០១៥-២០១៩) ដែល បានបញ្ចប់ ស្ថិតនៅក្នុងខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ទី២៖ WAT4CAM ដំណាក់កាលទី១ (កំពុងអនុវត្ត) ដែលបានចាប់ផ្តើមពីឆ្នាំ២០១៩ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះមានគម្រោង និងកម្មវិធីចំនួន២ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរបស់ទីភ្នាក់ងារ បារាំងសម្រាប់ ការអភិវឌ្ឍ(AFD) ដែលក្នុងនោះមានទី១៖ កម្មវិធី WAT4CAM ដំណាក់កាលទី១ កំពុងអនុវត្ត និងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ និងទី២៖ ការស្ដារអាងស្ទឹងស្វាយចេក បាននឹងកំពុងសិក្សាអំពីសមិទ្ធលទ្ធភាព (Feasibility study) ដែលគ្រោងបញ្ចប់ក្នុងខែវិច្ឆិកា។

ថ្លែងក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្ត្រី បានជម្រាបភាគីបារាំងថា លោកកំពុងពិចារណាអំពីលទ្ធភាពក្នុងការរៀបចំវេទិកាប្រចាំឆ្នាំ រវាងដៃគូអភិវឌ្ឍន៍ជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានស្នើភាគីបារាំង ជាពិសេស AFD ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀតចូលរួមចំណែកក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាបានផ្តោតលើគម្រោងដែលបានកំពុងអនុវត្ត និងកិច្ចសហប្រតិបត្តិការសក្តានុពលរវាងភាគីបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ដោយឡែកលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ភាគីបារាំង ជាពិសេស AFD នៅតែដៃគូដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល កាត់ បន្ថយ ភាពក្រីក្រលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ភាគីទាំងពីរបានបង្ហាញនូវសុច្ឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹក និងឧតុនិយមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន៕