(ម៉ាឡេស៊ី)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៣-០៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងសន្និសីទលើកទី១៤ ស្ដីពីមិត្តភាពប្រជាជន និងប្រជាជនអាស៊ាន-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី។

សន្និសីទលើកទី១៤ ស្តីពីមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន បានប្រារព្ធឡើងដំបូងនៅឆ្នាំ២០០៦ ហើយឆ្នាំនេះជាលើកទី១៤។ សន្និសីទលើកិទី១៤ ប្រារព្ធឡើងក្រោមប្រធានបទ «សហប្រតិបត្តិការ អាស៊ាន-ចិន ក្រោយកូវីដ ពង្រឹងការតភ្ជាប់ និងខំប្រឹងអភិវឌ្ឍគុណភាព»។

លោក Dato’s Abdul Majid Ahmad Khan ប្រធានសមាគមមិត្តភាព ម៉ាឡេស៊ី-ចិន ជាប្រធានប្តូរវេនរៀបចំសន្និសីទលើកទី១៤ ក្រោមអធិបតីភាពលោក Wong Gon Wai អភិបាលរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី, លោកស្រី គួ ស៊ាវលាន ប្រធានសមាគមមិត្តភាព ចិន-អាស៊ាន, ប្រធានសមាគម អង្គការមិត្តភាពប្រជាជន និងប្រជាជនអាស៊ាន, អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល សិស្ស-និស្សិត ធុរកិច្ចជន អ្នកសារព័ត៌មាន ប្រមាណ២០០នាក់។

លោកស្រី គួ ស៊ាវលាន បានថ្លែងថា សន្និសីទនេះ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងបន្ថែមទៀតទំនាក់ទំនងមិត្តភាពរវាង អាស៊ាន និងចិន។

លោកស្រីសង្ឃឹមថា តាមរយៈសន្និសីទនេះ យើងអាចជំរុញសមាហរណកម្មសេដ្ឋកិច្ចនៃតំបន់ តាមរយៈថាមពលឯកជន ជាវេទិកាសម្រាប់សហប្រតិបត្តិការ រវាងសហគ្រាសមកពីភាគីទាំងពីរ និងជំរុញការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ នៅក្នុងតំបន់រៀងខ្លួន។

ដោយឡែក លោក ទៀ ណារាវុទ្ធ អនុប្រធានសមាគមមិត្តភាព កម្ពុជា-ចិន តំណាងឲ្យលោក ឯក សំអុល បានថ្លែងសុន្ទរកថាដោយលើកឡើងថា កម្ពុជាបានជំនះវិបត្តិនៃជំងឺរាតត្បាតកូវិដ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា ទោះបីជាសន្តិភាពពិភពលោកមានភាពផុយស្រួយដោយសារ តែការវិវត្តនៃនិន្នាការពហុប៉ូល ផលប្រយោជន៍ និងការប្រកួតប្រជែងអំណាចក៏ដោយ អង្គការមិត្តភាពប្រជាជន និងប្រជាជន ចិន-អាស៊ាន នឹងបន្តលើកកម្ពស់មិត្តភាព ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ។

លោកបានបន្ដថា ដើម្បីសម្រេចបាននូវគោលដៅដ៏អស្ចារ្យនេះ អង្គការមិត្តភាពមិនមែនរដ្ឋាភិបាលចិន-អាស៊ាន ត្រូវតែឈរលើមូលដ្ឋាន នៃការរួបរួមមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងស្មារតី
បានឌុង ឆ្នាំ១៩៥៥ ពោលគឺពង្រឹងឯកភាពផ្ទៃក្នុង ពង្រឹងមិត្តភាពចិន-អាស៊ាន និងភាពជាដៃគូ ធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាព។

នាឱកាសនោះផងដែរ លោក ឯក សំអុល និងលោក Qu Pengfei អនុប្រធានសមាគមប្រជាជនខេត្តហ៊ឺណាន ដើម្បីមិត្តភាពជាមួយបរទេស បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការអប់រំ សុខភាព ការផ្សព្វផ្សាយ និងការផ្លាស់ប្តូរយុវជន៕