(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានចូលរួមទូងស្គរអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

លោក ប៉ែន កុសល្យ បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលនាឱកាស «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោកបន្តថា រដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, មន្ទីរ-អង្គភាពជុំវិញខេត្ត គ្រប់ស្ថាប័នរដ្ឋ ឯកជន រោងចកសហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តឧត្តរមានជ័យ សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ឲ្យបានច្រើនកុះករ ខ្ញៀវខ្ញា ប្រកបដោយសេចក្ដីសប្បាយ រីករាយ ក្នុងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

លោក ប៉ែន កុសល្យ បានបន្ថែមទៀតថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុង សម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត៕