(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការជាមួយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន អប់រំ និងសុខភាព ជាដើម ព្រមទាំងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងសកម្មភាពមីន ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ១៦០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ព្រមទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦៧.៥៩០គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤៧.៧៨៨គ្រាប់។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រនេះ និងការតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។

លោក Dominic Williams បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីនដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរក្នុងការចូលរួមរបស់ចក្រភពអង់គ្លេសសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

លោកបានថ្លែងថា ពាក់ព័ន្ធនឹងការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អង់គ្លេស បានរៀបចំផែនការ និងត្រៀមកញ្ចប់ថវិការួចរាល់ហើយសម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបានដាក់បញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG នៅតែរង់ចាំការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕