(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអំពាវនាវដល់ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ឱ្យបង្កើនការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាឱ្យមានប្រសិទ្ធភាព សំដៅពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិត និងភាពធន់ប្រព័ន្ធស្បៀង និងប្រព័ន្ធប្រកាសអាសន្នជាមុន ដើម្បីកាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ការអំពាវនាវរបស់ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានធ្វើឡើងនៅនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកអញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏ថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិឌ្ឍ និងវិស័យឯកជន ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀងនៅកម្ពុជា ក្នុងពេលដែលពិភពលោកកំពុងជួបបញ្ហាអសន្តិសុខស្បៀង ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិនានា។

លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា កម្ពុជាជាប្រទេសងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមន្តរាយធម្មជាតិដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ដែលបង្កឱ្យមានការខាតបង់យ៉ាង ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ឋសង្គម ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ ដីស្រែចំការ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងកាលពីឆ្នាំ២០២២ កម្ពុជាបានទទួលរងនូវ គ្រោះមហន្តរាយទឹកជំនន់ប៉ះពាល់ ២៥រាជធានីខេត្ត ដែលបណ្តាលប្រជាពលរដ្ឋជាង ១០០,០០០គ្រួសាររងគ្រោះ និងខ្វះខាតស្បៀងអាហារ។ ក្រោមការអន្តរាគមន៏របស់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ក្រុមគ្រួសាររងគ្រោះទាំងនោះ បានទទួលជំនួយស្បៀងសង្គ្រោះបន្ទាន់ និងស្រូវពូជពីរាជរដ្ឋាភិបាល ក្នុងការស្តារផ្ទៃដីដាំដុះឡើងវិញ។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ បានបន្តថា «បញ្ហាប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំ ដែលមនុស្សជាតិកំពុងជួបប្រទះ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ២ភាគ៣ ដែលបង្កឡើងដោយមនុស្ស មានទំនាក់ទំនងជាមួយនឹងការផលិត ការកែច្នៃ ការវេចខ្ចប់ និងការដឹកជញ្ជូនស្បៀង។

ក្នុងពេលជាមួយគ្នា ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន មកលើសមត្ថភាពរបស់យើង ក្នុងការធានាយ៉ាងណាឱ្យមនុស្សគ្រប់រូបអាចទទួលបានអាហារប្រកបដោយសារជាតិចិញ្ចឹម ដោយសារតែគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅ ដែលបង្កមហន្តរាយដល់ជីវភាពរសនៅរបស់ប្រជាជន។ យោងតាមរបាយការណ៌របស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រព័ន្ធស្បៀងនៅលើពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើន៕