(ដាកា)៖ តុលាការពិសេសរបស់បង់ក្លាដែស បានសម្រេចផ្តន្ទាទោសប្រហារជីវិត អតីតសមាជិករដ្ឋសភាមួយរូប និងដាក់ពន្ធនាគារអស់មួយជីវិតសម្រាប់អ្នកពាក់ព័ន្ធ ០៧នាក់ផ្សេងទៀត ទៅលើបទឧក្រិដ្ឋកម្មសង្គ្រាម អំឡុងពេលទាមទារឯករាជ្យនៅ បង់ក្លាដែស កាលពីឆ្នាំ ១៩៧១។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។
សាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិទី១ ដែលដឹកនាំដោយលោក Anwarul Haque បានរកឃើញភស្តុតាង ដែលអាចដាក់ បន្ទុកលើការចោទប្រកាន់ ៥ករណីចំពោះជនទាំងឡាយខាងលើនេះ។ លោក Sakhawat Hossain ជាសមាជិកនៃ គណបក្ស Jatiya របស់អតីតមេបញ្ជាការយោធាបង់ក្លាដែសលោក HM Ershad ដែលបានដឹកនាំប្រទេសបង់ក្លាដែស រយៈពេល ០៩ឆ្នាំ ពីឆ្នាំ ១៩៨២ ដល់ ១៩៩០ គឺជាអ្នកដែលត្រូវបានតុលាការ ផ្តន្ទាទោសប្រហារជីវិត។
គួរបញ្ជាក់ថា ការចោទប្រកាន់ទៅលើឧក្រិដ្ឋកម្មសង្គ្រាមនោះមានដូចជាការ ចាប់រំលោភ, សម្លាប់រង្គាល, ការឃុំឃាំង, និងការធ្វើទារុណកម្មលើជនស៊ីវិល ដែលគ្មានសមត្ថភាពតបត។ លោក Sakhawat ត្រូវបានជ្រើសតាំងជាសមាជិកសភា បង់ក្លាដែស កាលពីឆ្នាំ ១៩៩១។ មេធាវីរបស់លោក Sakhawat បានជំទាស់ទៅនឹងសេចក្តីសម្រេចនេះ ហើយថានឹងធ្វើការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលផងដែរ៕