(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម អាស៊ីអាគ្នេយ៍ លើកទី២០ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរ លោក ទៀ សីហា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។ លោកបានគូសបញ្ជាក់ថា លេខាធិការដ្ឋានអាស៊ាន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹងកិច្ចសហការ ជាពិសេសនៅក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

គួរជម្រាបថា កាលពីព្រឹកមិញនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកម្មវិធីដាំដើមឈើ នៅឧទ្យានជាតិគិរីរម្យ ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម អាស៊ីអាគ្នេយ៍ លើកទី២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ កម្មវិធីនេះមានអ្នកចូលរួមសរុបប្រមាណជាង ៧០០នាក់៕