(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីអាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាសង្កាត់ចោមចៅ រៀបចំការឱ្យមានការបោះឆ្នោត ជ្រើសរើសមេភូមិ ដែលទើបបំបែកថ្មីចំនួន១៨ភូមិ ក្នុងបរិវេណសាលាសង្កាត់ចោមចៅ ដើម្បីធ្វើការដឹកនាំ និងបម្រើប្រជាពលរដ្ឋឱ្យបានដិតដល់ជាងមុន សំដៅឆ្លើយតបទៅនឹង ស្ថានភាពជាក់ស្ដែង និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ហែម ដារិទ្ធ បានឱ្យដឹងថា ការបំបែកភូមិថ្មីនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យជាផ្លូវការ ក្នុងការបំបែកភូមិថ្មីចេញពីភូមិចាស់ដែលមានទំហំធំៗ និងមានប្រជាពលរដ្ឋរស់នៅច្រើន។ ភូមិដែលត្រូវបំបែកថ្មីនោះ មានចំនួន១៨ភូមិ រួមមាន ភូមិត្រពាំងថ្លឹង១, ភូមិត្រពាំងថ្លឹង២, ភូមិត្រពាំងថ្លឹង៣, ភូមិត្រពាំងថ្លឹង៤, ភូមិចោមចៅ១, ភូមិចោមចៅ២, ភូមិចោមចៅ៣, ភូមិថ្មគោល១, ភូមិថ្មគោល២, ភូមិថ្មគោល៣, ភូមិព្រៃព្រីងខាងត្បូង១, ភូមិព្រៃព្រីងខាងត្បូង២, ភូមិព្រៃព្រីងខាងជើង១, ភូមិព្រៃព្រីងខាងជើង២, ភូមិជម្ពូវ័ន១, ភូមិជម្ពូវ័ន២, ភូមិព្រៃទា១, និងភូមិព្រៃទា២។
លោកបានបន្ថែមថា ការបំបែកភូមិនេះ ជាឱកាសបង្ហាញស្នាដៃពិសេសមួយ ដល់អ្នកមានសមត្ថភាព តាមរយៈការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំភូមិថ្មីនេះ ហើយការបំបែកនោះទៀតសោត គឺដោយសារតែកត្តាភូមិសាស្រ្តធំ ប្រជាពលរដ្ឋមានចំនួនច្រើន មេភូមិក្ដាប់កិច្ចការមិនបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ លោកក៏បានកោតសសើរដល់នគរបាលប៉ុស្ដិ៍ចោមចៅ ដែលតែងតែខិតខំការពារ សន្តិសុខជូនប្រជាពលរដ្ឋ មើលការខុសត្រូវជូនប្រជាពលរដ្ឋ នាពេលកន្លងមក។
លោកអភិបាលខណ្ឌ បានផ្ដែផ្ដាំដល់លោក លោកស្រីដែលជាមេភូមិថ្មី ឱ្យចេញពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋក្នុងភូមិ ឱ្យយល់ដឹងពីការតាំងទីរបស់ពួកគាត់ កុំឱ្យប៉ះពាល់ដល់ចំណីផ្លូវ ក៏ដូចជារំលោភលើដីធ្លីរបស់រដ្ឋ ជាពិសេសមេភូមិទាំងអស់ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ទៅលើការចុះលិខិតស្នាម ព្រោះនៅក្នុងសង្កាត់ចោមចៅ ធ្លាប់មានការបន្លំហត្ថលេខា ស្នាមមេដៃ និងត្រា ជាច្រើនមកហើយ ដែលនាំទៅមានបញ្ហាផ្សេង មិនងាយនឹងដោះស្រាយ៕