(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ។

ការអំពាវនាវយ៉ាងដូច្នេះរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឡើងក្នុងពិធីដាំដើមឈើដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។

កម្មវិធីនេះក៏មានវត្តមានចូលរួមពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ រួមជាមួយឥស្សរជន ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន យុវជនកាកបាទក្រហមកម្ពុជាមកពីសាខាខេត្តកំពង់ស្ពឺ សាខាខេត្តព្រះសីហនុ សាខាខេត្តកណ្តាល សាខារាជធានីភ្នំពេញ រួមជាមួយប្រធានគណៈកម្មាធិការសាខាមកពីសាខានីមួយៗនៃសាខាចំនួន២១ផ្សេងទៀត ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសអន្តរជាតិសរុប៤៥នាក់ដែរ ក្នុងនោះមានលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងមន្ត្រីអម៣នាក់ ប្រតិភូសហព័ន្ធអន្តរជាតិ៣នាក់ តំណាងស្ថាប័ន OCRC ៣នាក់ ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេសចំនួន៣៥នាក់ ពោលកម្មវិធីនេះមានសមាសភាពចូលរួមប្រមាណជាង៧០០រូប។

នាឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើនទាក់ទងនឹងការអភិរក្ស និងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពធ្វើឱ្យកម្ពុជារក្សាបាននូវភាពគ្របដណ្តប់ផ្ទៃដីនៃព្រៃឈើខ្ពស់ជាងគេ នៅក្នុងចំណោមបណ្តាប្រទេសនៅលើពិភពលោកក្នុងកម្រិត ៤១%។

ក្នុងនោះកម្ពុជាមានផ្ទៃដីការពារចំនួន ៧៣% និងច្រកជីវសាស្រ្តចំនួន៣ ដែលគ្របដណ្តប់លើផ្ទៃដីជាង៧.២លានហិកតា ហើយផ្តល់ឱ្យកម្ពុជានូវទំហំឧស្ម័នកាបូនជាច្រើនសម្រាប់ឧស្ម័នផ្ទះបៃតង និងចំណូលសេដ្ឋកិច្ចពីការជួញដូរឧស្ម័នកាបូនសម្រាប់ការវិនិយោគក្នុងកិច្ចការពារ ការអភិរក្សព្រៃឈើ និងជីវសាស្រ្តជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយក្នុងការការពារបរិស្ថាន ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្តារឡើងវិញនូវព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបន្តថា ការរៀបចំកម្មវិធីនៅថ្ងៃនេះជាផ្នែកមួយនៃវេទិកាយុវជនលើកទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍ គឺជាការចុះអនុវត្តជាក់ស្តែង ដើម្បីទទួលបានបទពិសោធន៍ក្នុងការដាំដើមឈើឡើងវិញនៅតាមតំបន់ព្រៃភ្នំ លើកកម្ពស់ការយល់ដឹងនូវគុណតម្លៃនៃព្រៃឈើ និងសត្វដែលរស់នៅក្នុងភពផែនដី។ លើសពីនេះទៅទៀត កម្មវិធីនេះក៏លើកទឹកចិត្តដល់យុវជនគ្រប់ជំនាន់ឱ្យមានឆន្ទៈចូលរួមក្នុងបេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និងបញ្ហាប្រឈមជាសកល។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវនាវប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតងមានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសសូមបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះតាមធម្មជាតិវិញ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិប្រកបដោយសុខុមាលភាព។

ជាមួយគ្នានោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានប្រមូលផ្តុំអ្នកបច្ចេកទេសជំនាញជ្រើសរើសទីតាំងសមស្របទៅតាមកត្តាដី និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរពាក់ព័ន្ធ រួមកម្លាំងគ្នាជួយក្នុងការរៀបចំទីតាំង និងពិធីដាំដើមឈើគួរឱ្យចងចាំមួយនេះនៅភូមិស្ពឺថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានថ្លែងអំណរគុណ និងកោតសរសើរលោកស្រីអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ដែលបានផ្ដួចផ្ដើមកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយនេះជាសម្បត្តិវប្បធម៌ជាតិ ធ្វើជាកន្លែងសិក្សាប្រតិបត្តិព្រះធម៌ អប់រំចិត្ត និងបណ្ដុះបណ្ដាលធនធានមនុស្សឱ្យបានប្រកបដោយគុណធម៌ ហើយបាននិងកំពុងអភិវឌ្ឍទីនេះឱ្យទៅជារមណីដ្ឋានទេសចរណ៍ព្រះពុទ្ធសាសនា ដែលមានពណ៌បៃតងស្រស់បំព្រង៕