(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើការកំណែទម្រង់ និងកសាងមូលធនមនុស្ស និងលើកកម្ពស់អភិបាលកិច្ចល្អ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជពលរដ្ឋ ទន្ទឹមនឹងនោះការកែទម្រង់វិស័យអប់រំ យុវជន និងកីឡា ក៏មានក្នុងវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងនាមជាមហាគ្រួសារកីឡាជាតិ ដោយសហការរៀបចំកំណែទម្រង់មុតស្រួច លើយុទ្ធសាស្ត្រស៊ីជម្រៅមួយចំនួន ដើម្បីរួមចំណែកក្នុងការអនុវត្តចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។

ក្នុងឱកាសដឹកនាំប្រតិភូកីឡាកម្ពុជា ចូលជួបសំដែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ណែនាំជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកញ្ញានេះ ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជារូបនេះ បានប្តេជ្ញាចិត្តកំណែទម្រង់មុតស្រួច លើយុទ្ធសាស្ត្រស៊ីជម្រៅមួយចំនួនដូចខាងក្រោម៖

១៖ ប្តេជ្ញាកែទម្រង់ចំណុចខ្វះខាត និងពង្រឹងសុខុដុមនីយកម្មផ្ទៃក្នុងមហាគ្រួសារកីឡា ពិសេសរវាងសសរស្តម្ភជំនាញកីឡាទាំងបី គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ តាមនិយាមកម្មអភិបាលកិច្ចល្អ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈកីឡាឱ្យបានខ្លាំងក្លា ដើម្បីរក្សានិរន្តរភាពនៃឧត្តមភាពកីឡាលើឆាកអន្តរជាតិ។

២៖ ត្រៀមលក្ខណៈសម្បត្តិ និងរៀបចំផែនការយុទ្ធសាស្ត្រស៊ីជម្រៅ សម្រាប់ការប្រកួតកីឡា SEA Games ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ដែលត្រូវរក្សាកិត្តិយសជាតិ និងមេដាយមាសឱ្យបានយ៉ាងតិច ៣០% នៃមេដាយមាស SEA Games ឆ្នាំ២០២៣ (មេដាយមាស ៨១មេដាយ ៣០% ប្រមាណ ២៥ មេដាយមាស)។

៣៖ ត្រៀមផែនការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា យុវជនអាស៊ី លើកទី៥ «The 5th Asian Youth Games» ឆ្នាំ២០២៩ ដែលរាជរដ្ឋាភិបាលបានសម្រេចទទួលរៀបចំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសាលារាជធានីភ្នំពេញ បានចុះកិច្ចសន្យាទទួលរៀបចំជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី «OCA» រួចហើយ នាចុងឆ្នាំ២០២១ នៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម។

៤៖ ត្រៀមសហការគ្នារៀបចំមជ្ឈមណ្ឌលឧត្តមភាពកីឡា «Sport Excellence Center» ដែលមានកម្មវិធីសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តកីឡា វិទ្យាសាស្ត្រកីឡា និងបច្ចេកវិទ្យាកីឡា ដើម្បីធ្វើទំនើបកម្មវិស័យកីឡាជាតិ និងអភិវឌ្ឍកីឡាជាតិ ប្រកបដោយនិរន្តរភាព និងសក្តានុភាពកីឡាទៅថ្ងៃអនាគត។

៥៖ លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សជំនាញវិជ្ជាជីវៈកីឡា ដោយផ្តោតលើអាទិភាពមុនគេ គឺអភិវឌ្ឍសមត្ថភាពអត្តពលិកជាតិ គ្រូបង្វឹកកីឡា មន្ត្រីរដ្ឋបាលកីឡា មន្ត្រីវេជ្ជសាស្ត្រកីឡា វិទ្យាសាស្ត្រកីឡា បច្ចេកវិទ្យាកីឡា និងមន្ត្រីថ្នាក់ដឹកនាំកីឡា ដោយប្រើយន្តការសុក្រឹត្យកម្មវិធីបណ្តុះបណ្តាលខ្លី មធ្យមក្នុងប្រទេស និងបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង នៅក្រៅប្រទេស៕