(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងពីការរំពឹកទុកថា ប្រតិភូកីឡាកម្ពុជា នឹងដណ្តើមបានមេដាយមួយចំនួនជូនជាតិមាតុភូមិ ពីការប្រកួតកីឡាអាស៉ី (Asian Games) លើកទី១៩ នៅទីក្រុងហង់ចូវ (Hangzhou) ប្រទេសចិន។

ការបង្ហាញក្តីរំពឹងនេះធ្វើឡើងក្នុងឱកាសប្រតិភូកីឡាកម្ពុជាចូលជួបសំដែងការគួរសមជម្រាបលា និងទទួលអនុសាសន៍ណែនាំជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកញ្ញានេះ។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្នុងដំណើរចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩នេះ ដោយមានកិច្ចសហការល្អ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ បានរៀបចំប្រតិភូកីឡាចូលរួម ចំនួន ១៧៩នាក់ ក្នុងនោះ មានកីឡាករ កីឡាការិនី ចំនួន ១១៤នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល ហិរញ្ញវត្ថុ ពេទ្យ ចំនួន ៦៥នាក់។

កម្ពុជាចូលរួមប្រកួត ១៧ប្រភេទកីឡា ក្នុងចំណោម ៤០ប្រទភេទកីឡា រួមមាន៖ បាល់ទះ បាល់បោះ ទូកក្តោង យូដូ តេក្វាន់ដូ ហែលទឹក អត្តពលកម្ម វាយសី ទ្រីយ៉ាត្លុង ចំបាប់ ការ៉ាតេ គ្រិកឃីត អុកចិន សូហ្វតិន្និស ទូកនាគ និងជឺជីតស៊ូ។

លោកបន្ថែមថា បច្ចុប្បន្នប្រតិភូកីឡាកម្ពុជា មានកំពុងហាត់ហ្វឹកហ្វឺននៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥៤នាក់ និងបានចេញដំណើរទៅមុន ចំនួន ៩៥នាក់ និងមានវត្តមានផ្ទាល់នាពេលនេះ ចំនួន ៨៥នាក់។

លោកទេសរដ្ឋមន្ត្រីបន្តថា ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត បានធ្វើឱ្យកីឡាករ កីឡាការិនីជាតិ លះបង់ និងខិតខំប្រឹងប្រែងជាមួយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការតម្កល់ផលប្រយោជន៍ជាតិ កិត្តិយសជាតិ និងកិត្យានុភាពជាតិជាធំ ហើយតែងតែដណ្តើមបានជោគជ័យលាភីលើឆាកអន្តរជាតិជាបន្តបន្ទាប់។

ក្នុងនាមប្រតិភូកីឡាកម្ពុជា លោកទេសរដ្ឋមន្ត្រី សូមគោរពថ្លៃងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលដ៏មានតម្លៃបំផុត ទន្ទឹមនឹងការនឿយហត់ ក្នុងបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនៅក្រៅប្រទេស ក៏ផ្តល់មហាកិត្តិយសឱ្យប្រតិភូកីឡាកម្ពុជា បានជួបសំដែងការគួរសមជម្រាបលា និងទទួលអនុសាសន៍ណែនាំ៕