(កំពង់ឆ្នាំង)៖ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំក្រុមការងារពិសេស ក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការលុបបំបាត់ជំងឺគ្រុនចាញ់ (psmet) ខេត្តកំពង់ឆ្នាំង, លោក ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត និងដោយមានការអញ្ជើញចូលរួមពីសមាជិក psmet ដែលមកពីអង្គភាពទាំង៣ប្រភេទ មាន ប៉ូលីស យោធា និងកងរាជអាវុធហត្ថ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឡើងនៅក្នុងកិច្ចប្រជុំខាងលើនេះឲ្យដឹងថា ដើម្បីអនុវត្តឲ្យបានជោគជ័យ និងដើម្បីពន្លឿននៃការលុបបំបាត់ជំងឺ គ្រុនចាញ់ឲ្យបានតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឲ្យអស់នៅឆ្នាំ២០២៥ខាងមុខនេះ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការដែលមានភារកិច្ចនៅក្នុងក្រុមការងារពិសេសនេះ ត្រូវបន្តខិតខំធ្វើការផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត និងសហការឲ្យបានជិតស្និទ្ធជាមួយពួកគាត់ ដោយត្រូវតាមដានមើលរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដែលពួកគាត់បានចូលទៅប្រមូលផលអនុផលព្រៃឈើនៅតាមព្រៃភ្នំដែលជាតំបន់ងាយប្រឈម និងមានហានិភ័យខ្ពស់អំពីករណីចម្លងជំងឺគ្រុនចាញ់។

លោកវេជ្ជបណ្ឌិត បានលើកឡើងឲ្យដឹងទៀតថា ស្ថានភាពជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២៣នេះ មានការថយចុះគួរឲ្យកត់សម្គាល់ និងក៏ជាមោទនភាពផងដែរ ដែលមកដល់ពេលនេះអ្នកជំងឺទូទាំងខេត្ត គឺមានតែចំនួន ១៩នាក់តែប៉ុណ្ណោះ។ ក្នុងចំណោមអ្នកជំងឺទាំង ១៩នាក់ មាន២នាក់បានជាសះស្បើយហើយ តែលាប់មកវិញ។
លោកក៏បានបញ្ជាក់បន្ថែមផងដែរថា អ្នកជំងឺគ្រុនចាញ់ទាំងអស់ខាងលើនេះ ភាគច្រើនកើតនៅក្នុងស្រុកទឹកផុស ហើយអ្នកជំងឺទាំងអស់នោះមិនមានគ្រុនចាញ់ប្រភេទ ហ្វាល់ស៊ីប៉ារ៉ូម ឬក៏គ្រុនសន្ធុំនោះទេ មានតែជំងឺប្រភេទវីវ៉ាក់ ដែលជំងឺប្រភេទនេះទទួលការព្យាបាលផ្ដាច់តែត្រឹមរយៈពេលតែ ១៤/០៧ថ្ងៃប៉ុណ្ណោះ។

លោក យិន សាវ៉េន បានសម្តែងមោទនភាព ដោយលទ្ធផលនៃការឆ្លងជំងឺគ្រុនចាញ់របស់ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២៣នេះមាន ត្រឹមតែ១៩នាក់ បើប្រៀបធៀបកាលពីឆ្នាំ២០២២ ឃើញថាឆ្នាំនេះមានការថយចុះច្រើនគួរឱ្យគាត់សម្គាល់។ លោកក៏មានជំនឿយ៉ាងមុតមាំថា អត្រានៃការឆ្លងជម្ងឺគ្រុនចាញ់ នឹងត្រូវលុបបំបាត់បានជាស្ថាពរនៅឆ្នាំ២០២៥ តាមចរាចរណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

លោកអភិបាលរងខេត្តក៏បានក្រើនរំលឹកបន្ថែមទៀតផងដែរ ដល់មន្ត្រីក្នុងក្រុមការងារពិសេស ដែលមានភារកិច្ចទទួលការងារលុបបំបាត់នូវជំងឺគ្រុនចាញ់ក្នុងខេត្តកំពង់ឆ្នាំងនេះ ត្រូវតែខិតខំបន្តទៀតដើម្បីពន្លឿននៃការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់តាមផែនការក្នុងឆ្នាំ២០២៥ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកក៏បានផ្ដាំផ្ញើបន្ថែមដល់អាជ្ញាធរស្រុក អាជ្ញាធរឃុំ ភូមិ នៅពេលដែលចុះផ្សព្វផ្សាយអំពីភូមិឃុំមានសុវត្ថិភាព ត្រូវតែបញ្ជ្រៀបករណីជំងឺ គ្រុនចាញ់នេះ ឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល ឲ្យលោកបានយល់ដឹង និងសហការជាមួយក្រុមការងារ នៅតាមមូលដ្ឋាន បើមានករណីសង្ស័យថាមានជំងឺគ្រុនចាញ់ត្រូវតែប្រញាប់ប្រញាល់ធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា៕