(ភ្នំពេញ)៖ សាលាអន្តរជាតិមែនន័រ បានឯកភាពសម្រេចចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូរវាងសាលាអន្តរជាតិមែនន័រ និងក្រុមហ៊ុន Light over Light Sdn Bhd (Malaysia) ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៉ី ដើម្បីឧត្តមភាពអប់រំនៅកម្ពុជា។

កម្មវិធីចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូរវាងសាលាអន្តរជាតិមែនន័រ និងក្រុមហ៊ុន Light over Light Sdn Bhd (Malaysia) នេះបានប្រព្រឹត្តឡើងក្រោមវត្តមានលោក រឿន ចន្ថា ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិមែនន័រ ស្ថិតនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក រឿន ចន្ថា បានថ្លែងថា សាលាអន្តរជាតិមែនន័រ បានចុះកិច្ចព្រមព្រៀមជាមួយក្រុមហ៊ុន Light over Light Sdn Bhd (Malaysia) ដៃគូអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសម៉ាស៊ី ក្នុងការចូលរួមចំណែកអនុវត្តន៍ គោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍មូលធនមនុស្សនៅប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនៃកម្ពុជា។ ហើយសាលាអន្តរជាតិមែនន័រ មានគោលបំណងដើម្បីឧត្តមភាព អប់រំនៅកម្ពុជា (aimed for excellence) គឺបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និងពូកែពិតប្រាក។

លោកបានបន្តថា ដៃគូទាំងពីរបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព។ កិច្ចសហការរបស់យើងមិនគ្រាន់តែជាការចូលរួមផ្នែកប្រឹក្សាយោបល់ រៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយកសាងសមត្ថភាព បង្រៀន និងរៀន អភិវឌ្ឍន៍កម្មវិធីសិក្សា រៀបចំទស្សនកិច្ចសិក្សាក្រៅប្រទេសប៉ុណ្ណោះទេ វាគឺជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់យើងចំពោះអនាគតកូនៗ សិស្សានុសិស្សជាទីស្រឡាញ់នៅសាលាអន្តរជាតិមែនន័រ។

សាលាអន្តរជាតិមែនន័រ បាននិងកំពុងចាប់ផ្តើមដំណើរមួយដើម្បីបង្កើតបរិយាកាសដែលបំផុសគំនិតច្នៃប្រឌិត ការគិតពិចារណាបែបស៊ីជម្រៅ និងការប្រតិបត្តិនវានុវត្តន៍ប្រកបដោយប្រសិទ្ធផល ជាមួយសម្ភារៈបរិក្ខារសិក្សាទំនើប របស់យើង ដើម្បីអនុវត្តន៍កម្មវិធីសិក្សា ៣ភាសា គឺខ្មែរ អង់គ្លេស ចិន ក្នុងពេលតែមួយ អនុវត្តន៍កម្មវិធីសិក្សាទំនើបផ្តោតលើ STEM/STEAM និងការហ្វឹកហាត់ខួរក្បាលទាំងមូល ស្របតាមបដិវត្តឧស្សាហកម្ម ៤.០ នៃយុគសម័យសតវត្សទី២១។

ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែផ្តោតចំពោះសាលាអន្តរជាតិមែនន័រប៉ុណ្ណោះទេ វាគឺជាការជំរុញឱ្យមានការផ្លាស់ប្តូរដែលនឹងកើតឡើងនៅទូទាំងប្រទេសកម្ពុជា។ ក្តីស្រមៃរបស់យើងគឺកំណត់ស្តង់ដារថ្មីសម្រាប់ការអប់រំ ដែលជាការត្រៀមរៀបចំសិស្សរបស់យើងមិនត្រឹមតែសម្រាប់ការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ដំណើរជីវិត។ សូមលើកទឹកចិត្តដល់មាតា បិតា និងអ្នកអាណាព្យាបាលចូលរួមចំណែកលើកកម្ពស់ឧត្តមភាពអប់រំនៅកម្ពុជា។ រួមគ្នា យើងបង្កើតវប្បធម៌សុទិដ្ឋិនិយម ឧត្តមភាព និងការពង្រឹងស្មារតីកូនៗតាមរយៈការអភិវឌ្ឍផ្នត់គំនិត និងជំនាញនានា ធ្វើយ៉ាងណាឱ្យពួកគេក្លាយជាពលរដ្ឋដ៏ល្អ ប្រកបដោយចំណេះដឹងនិងគុណតម្លៃនៅក្នុងសង្គម។ នាថ្ងៃអនាគត យើងខ្ញុំជឿជាក់ថា សាលារៀនទាំងអស់នៅក្នុងប្រទេសកម្ពុជាឈរជាគំរូនៃឧត្តមភាព!

បើតាមប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Light over Light Consultancy បានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំឈរនៅចំពោះមុខអ្នកជាមួយនឹងចក្ខុវិស័យដែលឆ្លងកាត់ព្រំដែននៃការអប់រំ។ នៅ Light over Light Consultancy យើងបានចាប់ផ្ដើមដំណើរផ្លាស់ប្តូរជាមួយសាលាអន្តរជាតិមែនន័រ»

លោកថាសំណើរបស់យើង គឺលើសពីកិច្ចព្រមព្រៀងប្រឹក្សាយោបល់ វាជាការប្តេជ្ញាចិត្តក្នុងការរៀបចំអនាគតនៃការអប់រំនៅកម្ពុជា»។ «យើងជឿថាការអប់រំមិនគួរត្រូវបានបង្ខាំងនៅក្នុងជញ្ជាំងទាំងបួននៃថ្នាក់រៀននោះទេ វាគួរតែជាបទពិសោធន៍ដែលជំរុញទឹកចិត្ត ផ្តល់អំណាច និង ច្នៃប្រឌិត"។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Light over Light Consultancy បានគូសបញ្ជាក់ថា គោលដៅរបស់យើងគឺដើម្បីបង្កើតបរិយាកាសដែលជំរុញការច្នៃប្រឌិត ការគិតប្រកបដោយការរិះគន់ និងការអភិវឌ្ឍន៍រួម។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ MIS ដើម្បីរៀបចំឡើងវិញនូវបរិក្ខាររបស់ពួកគេ បញ្ចូលការអប់រំ STEM/STEAM អនុវត្ត Whole Brain Learning និងអបអរសាទរទេពកោសល្យពិសេសរបស់សិស្សម្នាក់ៗ។

«ប៉ុន្តែបេសកកម្មរបស់យើងលើសពីសាលាអន្តរជាតិមែនន័រ យើងស្រមៃមើលអនាគតដែលសាលារៀនទាំងអស់ក្នុងប្រទេសកម្ពុជាទទួលយកភាពល្អឥតខ្ចោះ ហើយជាកន្លែងដែលសិស្សត្រូវបានរៀបចំមិនត្រឹមតែ សម្រាប់ការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជីវិត។ យើងចង់កំណត់ស្តង់ដារថ្មីមួយសម្រាប់ស្ថាប័នអប់រំ ដែលបំផុសគំនិត មិនត្រឹមប្រជាជនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់ ពិភពលោកទាំងមូល»។ ចូលរួមជាមួយពួកយើងក្នុងដំណើរនេះដើម្បីធ្វើបដិវត្តន៍ការអប់រំនៅកម្ពុជា សាលារៀនមួយក្នុងពេលតែមួយ។ យើងអាចបង្កើតអនាគតដ៏ភ្លឺស្វាង និងច្នៃប្រឌិតបន្ថែមទៀតសម្រាប់កូនៗរបស់យើង។

សូមជម្រាបថា ខណៈប្រទេសកម្ពុជាកំពុងជួបប្រទះវិប្បត្តិឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងសស្រាក់សស្រាំ ក្នុងការដោះស្រាយបញ្ហាផងនោះ និងដើម្បីជួយសម្រួលដល់ផលវិបាកនេះផងដែរ សាលាអន្តរជាតិមែនន័រ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានប្រកាសបញ្ចុះតម្លៃសិក្សា ៤៥% រយៈពេល៥ឆ្នាំ ទាំងសិស្សចាស់ និងថ្មី។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សាលាអន្តរជាតិមែនន័រ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលដល់ជីវភាពរបស់លោក លោកស្រី ដែលបាន និងកំពុងទទួលរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សាលាអន្តរជាតិមែនន័រ សូមផ្តល់ការបញ្ចុះតម្លៃសិក្សា ៤៥% រយៈពេល៥ឆ្នាំ ទាំងសិស្សចាស់ និងថ្មី ព្រមទាំងសម្រួលលក្ខខណ្ឌបង់ប្រាក់តាមលទ្ធភាពរបស់លោក-លោកស្រី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»