(ព្រះវិហារ)៖ ពិសេសជាបណ្ដាក្រសួង ស្ថាប័នផ្សេងៗទៀត ខេត្តព្រះវិហារ ដែលជាទីតាំងផ្ទាល់របស់រមណីយដ្ឋានប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត បានរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម៌ នៅបរិវេណប្រាសាទកោះកេរតែម្ដង។

ពិធីនេះស្ថិតក្រោមវត្តមានលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ និងលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរប្រាសាទព្រះវិហារ អាជ្ញាធរស្រុកគូលែន និងប្រជាពលរដ្ឋភ្ញៀវទេសចរជាច្រើនទៀតផងដែរ។

ទាំងថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ និងប្រជាពលរដ្ឋ សុទ្ធតែបានបង្ហាញនូវការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ហើយទទួលបានជោគជ័យនូវការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់បានបង្ហាញក្ដីសប្បាយរីករាយ ដែលកម្ពុជាកាន់តែត្រូវបានពិភពលោកទទួលស្គាល់ តាមរយៈការដោយយកព្រលឹងវប្បធម៌របស់ជាតិ ទៅដាក់ចូលជាបេតិកភណ្ឌពិភពលោក។

ក្រៅពីការរៀបចំផ្ទាល់នៅទីតាំងប្រាសាទកោះកេរហើយនោះ រដ្ឋបាលខេត្តព្រះវិហារ ក៏បានរៀបចំនៅសាលាខេត្តមួយទៀត ដែលជាការទួងស្គរ ដើម្បីអបអរសាទរផងដែរ។ ពិធីនេះស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក អ៊ុង វឌ្ឍី អភិបាលរងខេត្តព្រះវិហារស្តីទី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕