(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ។

ការបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕