(សាធារណរដ្ឋកូរ៉េ)៖ ក្រុមតន្ត្រីប្រពៃណីអាស៊ាន (Asia Traditional Orchestra) បានធ្វើការប្រគំសម្ដែងជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ មន្ត្រីតំណាងប្រទេសសមាជិកអាស៊ាន ព្រះចៅអធិការ និងសាធារណជន នៅក្នុងបរិវេណវត្ត Bongeunsa នៃទីក្រុងសេអ៊ូល។

លោកបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសហប្រធាននៃគណៈកម្មការតន្ត្រីប្រពៃណីអាស៊ី និងលោក គង់ សុទ្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាសមាជិកនៃគណៈកម្មការតន្ត្រីប្រពៃណីអាស៊ី។

គួរបញ្ជាក់ផងដែរថា ក្រុមតន្ត្រីប្រពៃណីអាស៊ាន បានបង្កើតក្នុងឆ្នាំ២០០៩ និងបានសម្ដែងក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ នៅទីក្រុងជេជូ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកសាស្ត្រាចារ្យបណ្ឌិត Park Boom Hoon ដែលអ្នកនិពន្ធបទភ្លេង អ្នកដឹកនាំវង់ភ្លេង និងជាសហនាយកនៃក្រុមតន្ត្រីប្រពៃណីអាស៊ី។

៣ឆ្នាំកន្លងមក ស្ថិតក្នុងបរិកាទទួលរងនូវវិបត្តិសាកលកូវីដ-១៩ ដោយការហាមឃាត់ការចល័តធ្វើដំណើរទស្សនកិច្ចនានា និងដើម្បីរក្សាបាននូវសុខសុវត្ថិភាព ក្រុមតន្ត្រីប្រពៃណីអាស៊ី ពុំអាចជួបជុំប្រគំ ឬសម្ដែងបានឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី តាមការអនុវត្តគម្រោងផែនការសកម្មភាពដែលបានអនុម័តកន្លងមក គណៈកម្មការរៀបចំបានបម្លែងពីការជួបប្រជុំ ឬសម្ដែងផ្ទាល់មកជាការផ្លាស់ប្ដូរកម្មវិធីតាមរយៈអនឡាញន៍។

នៅឆ្នាំ២០២៣ មជ្ឈមណ្ឌលវប្បធម៌អាស៊ី (Asia Culture Center) ដែលមានទីតាំងនៅទីក្រុងក្វាងជូ (Gwangju) បានសម្រេចអញ្ជើញអ្នកនិពន្ធបទភ្លេង អ្នកដឹកនាំវង់តន្ត្រី និងតន្ត្រីករ ដែលជាសមាជិក សមាជិកានៃក្រុមតន្ត្រីប្រពៃណីអាស៊ីមកជួបជុំរៀបចំកម្មវិធីសិក្ខាសាលា ការសិក្សាស្វែងយល់ អនុវត្តន៍ការហ្វឹកហាត់ និងផ្លាស់ប្ដូរមតិយោបល់គ្នាក្នុងន័យរឹតចំណងមិត្តភាព ការប្រឹក្សាអំពីទិសដៅបន្តនៃក្រុមតន្ត្រី ជាពិសេសបង្កើនឱ្យមានការសម្ដែងឡើងវិញ។

នៅក្នុងដំណើរបេសកកម្មពេញមួយសប្ដាហ៍នេះ ក្រុមតន្ត្រីប្រពៃណីអាស៊ី បានចូលរួមហ្វឹកហាត់យ៉ាងសកម្ម សម្រាប់ការសម្ដែង ២លើក៖ ដែលការសម្ដែងលើកទី១ នាថ្ងៃទី១៥ ខែកញ្ញា នៅទីក្រុងសេអ៊ូល និងការសម្ដែងលើកទី២ នាថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងក្វាងជូ ដែលទទួលបានជោគជ័យគួរជាទីមោទនៈ៕