(រតនគិរី)៖ សមត្ថកិច្ចចម្រុះរួមមាន មន្ត្រីរ៉ែ និងថាមពល កម្លាំងអាវុធហត្ថខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះត្រួតពិនិត្យកន្លែងជីកត្បូង១កន្លែង នៅឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី និងបានដកហូតសម្ភារជីកត្បូងមួយចំនួន។

បើតាមការបញ្ជាក់របស់លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប្រតិបត្តិការថ្ងៃនេះមានការសម្របសម្រួលដោយស្ថាប័ន អយ្យការអមសាលា ដំបូងខេត្តរតនគិរី ហើយកម្លាំងបានចុះត្រួតពិនិត្យទីតាំងជីកត្បូងក្នុងស្រុកចំនួន២ គឺស្រុកបរកែវ និងស្រុកលំផាត់ ហើយប្រតិបត្តិការមិនទាន់បិទបញ្ចប់ទេ។

ករណីចុះត្រួតពិនិត្យទីតាំងជីកត្បូង១កន្លែង នៅឃុំឡាមិញ ស្រុកបរកែវនេះដែរ លោក កង សារឿន ប្រធានគណៈបញ្ជាការឯកភាពស្រុកបរកែវ បានឱ្យដឹងដែរថា ខាងរដ្ឋបាលស្រុកអត់ដឹងទេ ព្រោះក្រុមការងារចុះពីខេត្តទៅមិនមានការសហការ។

ប្រភពព័ត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា ទីតាំងជីកត្បូង១កន្លែង លើផ្ទៃដីជាង២ហិកតា នឹងគឺមានបងប្អូនជនជាតិជីកយូរហើយ មានរណ្តៅច្រើនដូចរន្ធបាយខុម ប៉ុន្តែមិនដឹងយ៉ាងមិចមន្ត្រីរ៉ែ និងថាមពល សហការជាមួយកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះត្រួតពិនិត្យបែបនេះ។

ទីតាំងជីកត្បូងនេះ ជាឆ្នាំងបាយពួកមន្ត្រីខិលខូចមួយចំនួន លុះដល់រដូវនេះភ្លៀងធ្លាក់ជោគជាំពេក ពួកគាត់ជីកត្បូងលក់អត់បានគ្មានសំណែនទើបក្រុមសមត្ថកិច្ចចុះទៅបង្ក្រាបយកស្នាដៃធ្វើរបាយការណ៍អួតថ្នាក់លើ ដូច្នេះសូមសមត្ថកិច្ចថ្នាក់លើមេត្តាត្រួតពិនិត្យការងារមន្ត្រីខិលខូចមួចំនួននៅខេត្តរតនគិរីផង៕