(ភ្នំពេញ)៖ លោក អ៊ុច ប៊ូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា កម្ពុជាពិតជា​មានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល (GDI)។

លោកថ្លែងបែបនេះ នៅឯកិច្ចប្រជុំកម្រិតខ្ពស់ស្ដីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល (GDI) ក្រោមមូលបទ GDI សម្រាប់ SDGs៖សកម្មភាព និងវឌ្ឍនភាព (Actions and Progress GDI for SDGs: Actions and Progress) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមលោកទេសរដ្ឋមន្ត្រី ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីជាងពី២ឆ្នាំមក GDI បានបង្កើតភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រពីប្រទេស និងអង្គការអន្តរជាតិច្រើនជាង១០០ ហើយក្នុងនោះមាន ៦៨ បានចូលរួមក្នុងសហគមន៍ United Nations Group of Friends។ កំណើននៃកិច្ចសហប្រតិបត្តិការនេះតាមរយៈ GDI គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តជាសកលរបស់យើងឆ្ពោះទៅសម្រេចឱ្យបាននូវ SDG។

លោកបន្តថា «ក្នុងបរិបទនេះ ប្រទេសកម្ពុជាពិតជា​មានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមនេះ ហើយត្រូវបានជំរុញដោយវឌ្ឍនភាព ដ៏សំខាន់នៃ GDI និងគោលការណ៍គ្រឹះនៃការអភិវឌ្ឍន៍ជាអាទិភាព ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រផោ្តតលើប្រជាជន ដោយធានាថាគ្មាននរណាម្នាក់ ត្រូវបានបោះបង់ចោល និងកសាងភាពជាដៃគូអភិវឌ្ឍសកលដែលស្របទៅនឹងទិសដៅបច្ចុប្បន្ន»

លោក អ៊ុច ប៊ូររិទ្ធ ក៏បានថ្លែងអំណរគុណដល់សាធារណប្រជាមានិតចិន សម្រាប់ការកោះប្រជុំកម្រិតខ្ពស់ស្ដីពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល Global Development Initiative (GDI) នៅក្រោមមូលបទ «GDI សម្រាប់ SDG៖ សកម្មភាព និងវឌ្ឍនភាព អំឡុងសម័យប្រជុំលើកទី៧៨» នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ ការជួបជុំ ​ក្នុងវេទិកាដ៏សំខាន់បំផុតនេះបង្ហាញពីការប្ដេជ្ញាចិត្តរួមរបស់យើង ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)។ លោកទេសរដ្ឋមន្ត្រី ថែមទាំងបានបង្ហាញការកោតសរសើរខ្ពស់ដល់លោក HAN Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូកិត្តិយសទាំងអស់ សម្រាប់សុន្ទរកថាបើកដ៏មានអត្ថន័យរបស់ពួកគេ ដែលបានធ្វើឱ្យកិច្ចពិភាក្សានៅថ្ងៃនេះ កាន់តែរស់រវើក។

លោក អ៊ុច ប៊ូររិទ្ធ បានថ្លែងទៀតថា «យើងទាំងអស់គ្នាកំពុងស្ថិតនៅកាលៈទេសៈដ៏លំបាកមួយ នៃភាពមិនច្បាស់លាស់ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង SDG មួយចំនួនធំមិនមាន ភាពរីកចម្រើនទៅមុខ។ ការធ្វើបទបង្ហាញពី GDI ដោយភាគីចិន បានបញ្ជាក់ពីការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការបន្ទាន់សម្រាប់ សកម្មភាពផ្លាស់ប្ដូរដើម្បីពន្លឿនភាពរីកចម្រើននៅលើផ្លូវឆ្ពោះទៅសម្រេចឱ្យបាននូវ SDG។ ដូច្នេះកម្ពុជាមានឆន្ទៈពិតប្រាកដដើម្បីស្ថិតនៅក្នុងប្រទេស និងអង្គការច្រើនជាង១០០ ដែលអនុម័តលើ GDI ក្នុងរយៈពេល ២ឆ្នាំមកនេះ គិតចាប់តាំងពីត្រូវបានបង្កើតឡើងមក»

លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចិន និងការប្ដេជ្ញាចិត្តឥតងាករេចចំពោះការគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល (GDI)។ GDI មិនត្រឹមតែជា កម្មវិធីមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករមួយដែលជួយកាត់បន្ថយគម្លាតរវាងប្រជាជាតិនានា និងជំរុញចក្ខុវិស័យរួមសម្រាប់អនាគតភ្លឺស្វាង និងដ៏ល្អប្រសើរ។ លោកបន្តថា កម្ពុជាមានកិត្តិយសចូលរួមក្នុងនៅគម្រោងអភិវឌ្ឍនានារបស់ GDI ខណៈគម្រោងទាំងនោះចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងចក្ខុវិស័យអភិវឌ្ឍជាតិ រួមទាំងចក្ខុវិស័យរបស់កម្ពុជា ដែលចង់ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្តទៀតថា «កម្ពុជាសូមបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេចំពោះគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល។ យើងបានប្ដេជ្ញាចិត្តចំពោះសកម្មភាព សមូហភាព និងវិធានការម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពន្លឿនវឌ្ឍនភាព និងធានាថាគ្មានប្រទេសណាមួយ ឬបុគ្គលណាមួយ ត្រូវបានបោះបង់ចោល។ ដោយរួបរួមគ្នា យើងអាចជំរុញ GDI និងបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីទាំងអស់ ដើម្បីសម្រេចនូវសក្ដានុពលពេញលេញនៃ គំនិតផ្ដួចផ្ដើមដ៏សំខាន់នេះ និងកសាងអនាគតដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា»