(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យមើលទីតាំងផ្ទះដែលមានទំនាស់ជាមួយគ្នា គឺផ្ទះលក់ថ្នាំពេទ្យ និងផ្ទះលក់មាស ដែលបានសង់សំយ៉ាបនៅខាងក្រោយផ្ទះ។
ការចុះដោះស្រាយរបស់អាជ្ញាធរ ចុះទៅដោះស្រាយនេះ បានធ្វើឡើងក្រោយទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះលក់មាសឈ្មោះ យៀវ វ៉ៃយ៉ាវ ដែលបានដាក់ពាក្យបណ្តឹងទៅលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ដើម្បីជួយមកពិនិត្យមើលផ្ទះលក់ថ្នាំពេទ្យ ដែលបានសង់សំយ៉ាបខាងក្រោយផ្ទះរបស់គាត់ បណ្តាលឲ្យទឹកភ្លៀងហូរចូលផ្ទះគាត់រហូត ពេលមានភ្លៀងខ្លាំងម្តង។
ចំណែកឯម្ចាស់ផ្ទះលក់ថ្នាំពេទ្យមានឈ្មោះ ឈឿន សុចន្ទ្រាភា ដែលបានសង់សំយ៉ាបក្រោយខាងផ្ទះ ដែលស្ថិតនៅក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ទោះជាយ៉ាងណា ម្ចាស់ផ្ទះលក់ថ្នាំពេទ្យ ពិតជាមិនអាចទទួលយកបាន នូវអ្វីដែលគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ធ្វើនេះទេ ដោយគាត់លើកហេតុផងថា សំយ៉ាបផ្ទះរបស់គាត់នេះ គាត់បានសាងសង់ជាង ២០ឆ្នាំមកហើយ តើហេតុអ្វី? បានផ្ទះលក់មាសនោះទើបតែសាងសង់ទេ ម្តេចបានជាអាជ្ញាធរឲ្យត្រូវមកកាត់សំយ៉ាបផ្ទះរបស់គាត់ចេញបែបនេះវាមិនសមឡើយ។
ដោយសារបែបនេះ អាជ្ញាធរមានតែធ្វើការសម្របសម្រួលភាគីទាំងសងខាង ព្រោះមិនចង់វែងឆ្ងាយ ទើបសម្រេចធ្វើការចរចាដោយសុំកាត់សំយ៉ាបផ្ទះរបស់ ផ្ទះអ្នកលក់ថ្នាំពេទ្យប្រវែង៣តឹក និងឲ្យម្ចាស់ផ្ទះនេះ ដាក់ទរទឹកដើម្បីកុំឲ្យពេលភ្លៀងសាចទឹក ចូលក្នុងផ្ទះអ្នកលក់មាសតទៅទៀត។ ក្រោយសម្របសម្រួលនេះ អាជ្ញាធរបានធ្វើក្រដាសស្នាមផ្តិតមេដៃភាគីទាំងសងខាង ហើយលោកស្រី ឈឿន សុចន្ទ្រាភា ម្ចាស់ផ្ទះលក់ថ្នាំពេទ្យក៏បានយល់ព្រមជាមួយ នឹងគណៈកម្មការស្នើសុំនេះផងដែរ៕