(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញជំនឿថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយអ្នកបន្តវេន គឺពោរពេញដោយថាមពល មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ដឹកនាំនាវាកម្ពុជា ឱ្យឆ្ពោះទៅមុខ។

អំឡុងផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសប្រារព្ធពិធីអបអរសាទរដល់ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការចុះបញ្ជីតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ, សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងដូច្នេះថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំជាទីបំផុត លើការដឹកនាំរបស់ រដ្ឋាភិបាលអាណត្តិទី៧ គឺពោរពេញទៅដោយថាមពល ហើយមានសមត្ថភាពគ្រប់គ្រាន់ រយៈពេលដ៏ខ្លីបំពេញភារកិច្ចយ៉ាងល្អ កម្លាំងខ្លាំងក្លា និងមានភាពកក់ក្តៅបំផុត»។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា អ្នកដឹកនាំបន្តវេនសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ បូករួមទាំងវិស័យវប្បធម៌ជាដើម។

សម្តេចបានបន្ថែមទៀតថា ថ្នាក់ដឹកនាំបន្តវេនកម្ពុជា គឺបានសិក្សាស្រាវជ្រាវ តាមដានរាល់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជំនាន់មុន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងបន្តរក្សា និងបង្កើនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ថែមទៀត៕